(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះ បានបង្ហាញនូវការសោកស្តាយ និងចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារអ្នកគ្រូពេទ្យ អ៉ឹម ស្រីនិ ដែលបានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩។។
សាររំលែកទុក្ខបង្ហោះលើបណ្តាញសង្គម Facebook, លោក ហ៊ុន ម៉ានី បានចាត់ទុកថា ការលះបង់របស់អ្នកគ្រូពេទ្យ អ៉ឹម ស្រីនិ បានឆ្លុះបញ្ចាំងពីស្មារតី ទឹកចិត្ត និងឆន្ទៈ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីជួយប្រជាពលរដ្ឋឲ្យចៀសចាកឆ្ងាយពីជំងឺកូវីដ១៩។
អ្នកតំណាងរាស្ត្រវ័យក្មេងនៅកម្ពុជារូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមចូលរួមសោកស្ដាយ និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសាររបស់អ្នកគ្រូពេទ្យ អ៉ឹម ស្រីនិ ចំពោះការបាត់បង់ជីវិតរបស់អ្នកគ្រូពេទ្យ។ ក្នុងនាមប្រជាពលរដ្ឋខ្មែរមួយរូប ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកគ្រូពេទ្យ ដែលក្នុងដំណាក់កាលចុងក្រោយនៃជីវិត អ្នកគ្រូពេទ្យ បានលះបង់កម្លាំង កាយ ចិត្ត ស្មារតីដោយមិនគិតពីសុខភាព និងអាយុជីវិតផ្ទាល់ខ្លួន ក្នុងការព្យាបាលប្រជាពលរដ្ឋដែលរងគ្រោះដោយជំងឺកូវីដ១៩។ ការលះបង់នេះ បានឆ្លុះបញ្ចាំងពីស្មារតី ទឹកចិត្ត និងឆន្ទៈ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីជួយប្រជាពលរដ្ឋឲ្យចៀសចាកឆ្ងាយពីជំងឺកូវីដ១៩»។
បើតាមលោក ហ៊ុន ម៉ានី ការបាត់បង់ជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា និងអ្នកគ្រូពេទ្យ បានសរបញ្ជាក់ថា ជំងឺកូវីដ១៩ នៅតែជាហានិភ័យខ្ពស់ចំពោះប្រជាពលរដ្ឋកម្ពុជា ដែលត្រូវរួមគ្នាប្រយុទ្ធប្រឆាំងនឹងគ្រោះថ្នាក់ដ៏កាចសាហាវនេះ។ លោក បានបួងសួង ឲ្យដួងវិញ្ញាណក្ខន្ធរបស់អ្នកគ្រូពេទ្យ អ៉ឹម ស្រីនិ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូមជម្រាបថា អ្នកគ្រូពេទ្យ អ៉ឹម ស្រីនិ ដែលជាគ្រូពេទ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ផ្នែកព្យាបាលអ្នកជំងឺកូវីដ១៩ បានស្លាប់កាលពីម៉ោង ១០យប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ដោយសាជំងឺកូវីដ១៩។
អ្នកគ្រូពេទ្យ អ៉ឹម ស្រីនិ បានឆ្លងជំងឺកូវីដ១៩ និងព្យាបាលនៅខេត្តព្រះសីហនុ ដោយសារស្ថានភាពជំងឺធ្វើទុកខ្លាំង ក៏ត្រូវបញ្ជូនមកព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ ព្រីមៀរ សែនសុខ បានតែរយៈពេល២ថ្ងៃ ក៏ទទួលមរណភាព ដោយសារស្ថានភាពជំងឺធ្ងន់ធ្ងរ មិនអាចជួយសង្គ្រោះបាន៕