(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប ប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៨៤នាក់បន្ថែមទៀត ខណៈអ្នកជំងឺពីរនាក់ទៀត ស្លាប់ និងព្យាបាលជាសះស្បើយ ១០១នាក់នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ម្សិលមិញនេះ។
ក្នុងសេចក្តីប្រកាសព័ត៌មានដែល Fresh News ទទួលបាននៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្ត បានឱ្យដឹងថា អ្នកជំងឺកូវីដ១៩ ដែលរកឃើញថ្មីនេះ ករណីទី១ ដល់ទី២ ជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ក្តី, ករណីទី៣ ជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ឃ្លាំង, ករណីទី៤ ដល់ទី៣២ ជាករណីមានប្រភពចម្លងចេញពីផ្សារពួក និងករណីទី៣៣ ដល់ទី៤៨ ជាករណីមានប្រភពចម្លងចេញពីផ្សារចារឈូក។
ករណីទី៤៩ ដល់ទី៥៤ គឺជាអ្នកដំណើរមកពីខេត្តបន្ទាយមានជ័យ ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ចាម និងករណីទី៥៥ ដល់ទី៨៤ ជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។
ដោយឡែកអ្នកជាសះស្បើយទាំង១០១នាក់ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យក្រឡាញ់ វិទ្យាល័យចំណោះដឹងទូទៅ និងបច្ចេកទេសពួក និងវិទ្យាល័យដំដែក ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
រដ្ឋបាលខេត្តសៀមរាប ក៏បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ដែលបានស្លាប់បាត់បង់ជីវិតផងដែរ។ អ្នកជំងឺដែលបានស្លាប់នេះរួមមាន៖
១៖ ឈ្មោះ ក្រូច ក្រៀប ភេទប្រុស អាយុ២១ឆ្នាំ អាសយដ្ឋាននៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប។ បុរសរូបនេះ រកឃើញវិជ្ជមានជំងឺកូវីដ១៩ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ និងបានស្លាប់ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៥៖០០នាទី ដោយជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។
២៖ ឈ្មោះ សែត សុឃឿន ភេទប្រុស អាយុ៦២ឆ្នាំ អាសយដ្ឋាននៅភូមិកន្រ្តក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ បុរសរូបនេះ រកឃើញវិជ្ជមានជំងឺកូវីដ១៩ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ និងបានស្លាប់ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១២៖១២នាទី ដោយជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។
សូមបញ្ជាក់ថា មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៧,៩៧១នាក់។ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ៧,៤០៩នាក់ ស្លាប់ ៨៨នាក់ និង ៤៧៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យក្រឡាញ់ វិទ្យាល័យចំណោះដឹងទូទៅ និងបច្ចេកទេសពួក និងវិទ្យាល័យដំដែក។
រដ្ឋបាលខេត្តសៀមរាប អំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ។
ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។
រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល៕