(បន្ទាយមានជ័យ)៖ ខេត្តបន្ទាយមានជ័យ គឺជាតំបន់រងគ្រោះធ្ងន់ធ្ងរមួយដោយសារជំនន់ទឹកភ្លៀងក្នុងរដូវភ្លៀងធ្លាក់កាលពីឆ្នាំ២០២០កន្លងទៅ។ កងទ័ពដែលឈរជើងនៅក្នុងខេត្តបន្ទាយមានជ័យនេះ បានក្លាយទៅជាកម្លាំងស្នូលក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋកាលពីពេលនោះ។

នៅរដូវភ្លៀងធ្លាក់ឆ្នាំ២០២១នេះ បើទោះបីខេត្តជាប់ព្រំដែនប្រទេសថៃមួយនេះ មិនទាន់រងការជន់លិចយ៉ាងណាក្តី តែកងទ័ពបានត្រៀមលក្ខណៈសម្បត្តិជាប់ជានិច្ចក្នុងការជួយដល់ប្រជាពលរដ្ឋក្នុងករណីមានការជន់លិច។

នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានប្រមូលផ្តុំកងកម្លាំងអន្តរាគមន៍ និងត្រៀមសម្ភារ មធ្យោបាយជួយសង្គ្រោះមួយចំនួនទៀត ដើម្បីត្រៀមជួយប្រជាពលរដ្ឋក្នុងករណីមានការជន់លិច។

ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានបញ្ជាក់ថា ទោះបីកម្លាំងមួយចំនួន កំពុងបំពេញប្រតិបត្តិការនៅតាមបន្ទាត់ព្រំដែន និងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី១ ជូនប្រជាពលរដ្ឋក្តី។ ប៉ុន្តែកងកម្លាំងមួយចំនួនទៀត ក៏បានត្រៀមលក្ខណៈ ២៤ម៉ោង លើ ២៤ម៉ោង គ្រប់បណ្តាគោលដៅឈរជើង សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះមហន្តរាយធម្មជាតិផ្សេងៗផងដែរ។

លោកឧត្តមសេនីយ៍ត្រី ក៏បានក្រើនរំលឹកដល់កងអន្តរាគមន៍ទាំងអស់ ឱ្យត្រៀមខ្លួនក្នុងប្រតិបត្តិការអន្តរាគមន៍ ហើយត្រូវប្រកាន់ខ្ជាប់នូវស្មារតីជួយសង្គ្រោះដល់ប្រជាពលរដ្ឋក្នុងករណីជន់លិច។ កិច្ចអន្តរាគមន៍នេះ ក៏ត្រូវផ្សារភ្ជាប់ជាមួយគោលការណ៍ទាំងឡាយរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់នឹងមេរោគកូវីដ១៩ផងដែរ៕