(​អេ​ហ្ស៊ី​ប​)៖ យន្តហោះ​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន Egypt Air ប្រភេទ Airbus 320 ជើងហោះហើរ​លេខ MS181 ពី​ទីក្រុង Alexandria ទៅ​កាន់​ទីក្រុង Cairo ក្នុង​ប្រទេស​អេ​ហ្ស៊ី​ប ត្រូវបាន​អ្នកនាំពាក្យ​ក្រុមហ៊ុន បញ្ជាក់ថា​ត្រូវបាន​ចោរប្លន់​។​

​ខាងក្រោម​នេះ​គឺជា​ព័ត៌មាន​មួយចំនួន​ដែល​ទទួលបាន​ក្រោយពី​កើតមាន​ករណី​ប្លន់​យន្តហោះ​៖

បន្ទាប់ពី​ប្លន់​បាន​យន្តហោះ​ភ្លាម ជនសង្ស័យ​បាន​គំរាម​អ្នកបើកបរ ឲ្យ​បញ្ជា​យន្តហោះ​ទៅ​ចុះចត​នៅ​ប្រទេស​ដែន​កោះ​មួយ​ឈ្មោះ Cyprus ក្នុង​ព្រលាន​យន្តហោះ Larnaka Airport ដែល​ស្ថិតនៅ​ភាគ​ខាងជើង​នៃ​ប្រទេស​អេ​ហ្ស៊ី​ប និង​ក្បែរ​ប្រទេស​តួ​ក​គី និង​ស៊ី​រី ដោយ​ក្នុង​នោះ មាន​ព័ត៌មាន​លេចឮ​មក​ថា ជនសង្ស័យ​មាន​ភ្ជាប់​នូវ​គ្រាប់បែក ឬ​គ្រឿងផ្ទុះ​នៅ​ជាមួយ​ទៀត​ផង​។​

​ប៉ុន្មាន​នាទី​ក្រោយមក សេចក្ដីរាយការណ៍​ដំបូង​បានបញ្ជាក់​ថា មាន​មនុស្ស​ប្រមាណ​៨០​នាក់​នៅ​លើ​យន្តហោះ ប៉ុន្តែ​ក្រោយមក​ទៀត​ទីភ្នាក់ងារ អាកាសចរណ៍​អេ​ហ្ស៊ី​ប បាន​បញ្ជាក់​ជា​ផ្លូវការ​ថា នៅលើ​យន្តហោះ​មាន​មនុស្ស​តែ ៥៥​នាក់​ទេ ក្នុងនោះ​មាន​អ្នកបម្រើ​នៅ​លើ​យន្តហោះ ៧​នាក់​។​

​ក្រោយ​ពី​ចុះចត​បាន​ប៉ុន្មាន​នាទី ជនសង្ស័យ​បាន​អនុញ្ញាត​ឲ្យ​ស្ត្រី និង​ក្មេង​ចាកចេញ​ពី​យន្តហោះ ខណៈ​ដែល​ព័ត៌មាន​បាន​បន្ត​ផ្សាយ​ថា ជនសង្ស័យ​មាន​ប្រដាប់​ដោយ​អាវុធ និង​គ្រាប់បែក​។​

​ខណៈ​ស្ថានភាព​កំពុងតែ​តានតឹង​នោះ ប្រធានាធិបតី​ប្រទេស Cyprus លោក Nicos Anastasiades បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​ថា ករណី​ប្លន់​យន្តហោះ​អេ​ហ្ស៊ី​ប មិនទាន់​ពាក់ព័ន្ធ​នឹង «​អំពើ​ភេរវកម្ម​» ឡើយ ពោលគឺ​អាច​មាន​បញ្ហា​ផ្ទាល់ខ្លួន ហើយ​បើ​តាម​ប្រភព​ព័ត៌មាន​ក្នុងស្រុក​បានឲ្យដឹងថា អតីត​ភរិយា​របស់​ជនសង្ស័យ​គឺ​រស់​នៅក្នុង​ប្រទេស Cyprus​។​

​ក្រោយមកទៀត ទូរទស្សន៍​ក្នុង​ស្រុក បាន​ចាក់​ផ្សាយ​ថា ជនសង្ស័យ បាន​ស្នើ​ឲ្យ​អ្នកបកប្រែ និង​សុំ​សិទ្ធិ​ជ្រក​កោ​ន ប៉ុន្តែ​ក្រោយមក ជនសង្ស័យ​ក៏​បាន​ទាមទារ​ឲ្យ​ដោះលែង​អ្នកទោស ដែល​កំពុង​ជាប់​ឃុំ​ខ្លួន​នៅក្នុង​ប្រទេស​អេ​ហ្ស៊ី​ប ខណៈ​ដែល​ក្រសួង​អាកាសចរណ៍​អេ​ហ្ស៊ី​ប បញ្ជាក់ថា​មាន​ឈ្មោះ Ibrahim Samaha ជា​ជនជាតិ​អេ​ហ្ស៊ី​ប​។​

​ក្រោយមកទៀត សារព័ត៌មាន Sky News បាន​ចេញផ្សាយ​ថា មាន​មនុស្ស​ប្រមាណ​ជា ៤​នាក់ បាន​រត់ចេញ​ពី​យន្តហោះ ដោយ​ក្នុង​នោះ​មាន​ម្នាក់​លោត​ចុះ​ពី​កន្លែង​បើកបរ ដោយ​លោត​តាម​បង្អួច​។​

​ប៉ុន្មាន​នាទី​ក្រោយ​ពី​មនុស្ស​ទាំង​៤​នាក់​នោះ រត់​ចេញ​មក ក៏​ស្រាប់តែ​មន្ត្រី​ជាន់ខ្ពស់​នៃ​ប្រទេស Cyprus បាន​ចេញផ្សាយ​ថា ជនសង្ស័យ​ត្រូវបាន​ចាប់ខ្លួន ប៉ុន្តែ​អាជ្ញាធរ​មិន​បាន​បញ្ជាក់​ពី​ព័ត៌មាន​លម្អិត​ផ្សេងទៀត​។​

​មកដល់​ថ្ងៃនេះ គេ​នៅ​មិនទាន់​ទទួលបាន​ព័ត៌មាន​លម្អិត​នៅឡើយ​ទេ ប៉ុន្តែ​ប៉ូលិស​បញ្ជាក់ថា នៅលើ​យន្តហោះ​ពុំ​មាន​គ្រាប់បែក ឬ​គ្រឿងផ្ទុះ​ឡើយ​៕​