(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះ បានអំពាវនាវ ឲ្យវិស័យឯកជនចូលរួមជាមួយ រាជរដ្ឋាភិបាល ក្នុងការបង្កើនភាពស៊ាំក្នុងសហគមន៍កម្ពុជា ដើម្បីចូលរួមទបស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបង្ហោះសារតាមរយៈទំព័រ Facebook យ៉ាងដូច្នេះថា៖ «សូមបងប្អូនប្រជាពលរដ្ឋដែលមានលទ្ធភាព ក៏ដូចជាវិស័យឯកជន ចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការបង្កើតភាពស៊ាំសហគមន៍ តាមរយៈការរ៉ាប់រងថ្លៃវ៉ាក់សាំង ដើម្បីការពារអាយុជីវិតខ្លួន ក្រុមគ្រួសារ ញាតិមិត្ត និងសហគមន៍របស់យើង ពីជំងឺកូវីដ-១៩»។
សម្ដេចធ្លាប់បានបញ្ជាក់ថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គឺជាវីធីសាស្ត្រដ៏ចម្បងមួយសម្រាប់រាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីវិធាននានារបស់ក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ-១៩។
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋ ចាប់ពីអាយុ១២ឆ្នាំឡើងទៅ ជាមួយនឹងការប្រកាន់ខ្ជាប់នូវ វិធានការ«៣ការពារ និង៣កុំ»។
គិតត្រឹមយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១០,៨០១,៦៩១នាក់៕