(ភ្នំពេញ)៖ អង្គការសហប្រជាជាតិ (UN) បានសម្រេចផ្តល់ជ័យលាភី ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងចំណោម ៦ប្រទេស នៅតំបន់អាស៉ីប៉ាស៉ីហ្វិក ដែលបានអនុវត្តកតិកាសញ្ញាពិភពលោក សម្រាប់ទេសន្ដរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ (GCM) បានល្អប្រសើរ។ នេះជាការបញ្ជាក់របស់ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ក្នុងបទសម្ភាសជាមួយអង្គភាពព័ត៌មាន Fresh News ស្តីពីវឌ្ឍនភាពនៃការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា។
បើតាមលោកស្រី ជូ ប៊ុនអេង ការទទួលបានជ័យលាភី ពីការអនុវត្តកតិកាសញ្ញាពិភពលោក សម្រាប់ទេសន្ដរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ បង្ហាញមួយផ្នែកថា ការងារប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា មានភាពវិជ្ជមាន។ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «កម្ពុជារបស់យើងបានទទួលនូវការគាំទ្រក៏ដូចជាការស្វាគមន៍ ពីអង្គការសហប្រជាជាតិ ដែលគេហៅថា បណ្តាញទេសន្តរប្រវេសន៍អង្គការសហប្រជាជាតិ ទទួលឲ្យទៅជាប្រទេសជ័យលាភី នៅក្នុងការអនុវត្តកតិកាសញ្ញា GCM»។
លោកស្រី ជូ ប៊ុនអេង បន្ថែមថា អង្គការសហប្រជាជាតិ បានផ្តល់ជ័យលាភីដល់កម្ពុជា ក្នុងការអនុវត្តកតិកាសញ្ញាពិភពលោក សម្រាប់ទេសន្ដរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ នៅឆ្នាំ២០២០ ដែលមានន័យថា កម្ពុជាទទួលបានជំនួយពីការអង្គការសហប្រជាជាតិ ក្នុងការគ្រប់គ្រងការងារទេសន្ដរប្រវេសន៍។ សម្រាប់ឆ្នាំ២០២១នេះ អង្គការសហប្រជាជាតិ ក៏បន្តផ្តល់ជំនួយទៀតផងដែរ។
មូលហេតុនៃការទទួលបានជ័យលាភី ដោយសារកតិកាសញ្ញា GCM គឺកម្ពុជាបានចូលរួមយ៉ាងពេញទំហឹងតាំងពីដើមទី មានន័យថា តាំងពីដំណើការរៀបចំដំបូង កម្ពុជាបានចូលរួមធ្វើនៅថ្នាក់ជាតិ ថ្នាក់តំបន់ ដែលមានទាំងអាស៉ីប៉ាស៉ីហ្វិក អឺរ៉ុប និងពិភពលោក និងរហូតឈានដល់ចុះហត្ថលេខា អនុម័តទទួលស្គាល់តែម្តង។
លោកស្រីបន្តថា «អញ្ចឹងនៅពេលយើងអនុម័ត តាមធម្មតាមប្រមុខរាជរដ្ឋាភិបាល ទៅចូលរួម តែដោយសារតែ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ពេលនោះមានបេសកកម្មធំមួយនៅក្រៅប្រទេស ក៏បានផ្ទេរសិទ្ធិឲ្យខ្ញុំទៅ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ហើយយើងក៏មានឈ្មោះ ក្នុងការចូលរួមរៀបចំកតិកាសញ្ញាហ្នឹង។ ឥឡូវនេះ ដោយសារតែកិច្ចខិតខំប្រឹងប្រែង ទៅក្នុងដំណើរការនៃការរៀបចំកតិកាសញ្ញាពិភពលោក គឺយើងត្រូវបានទទួលស្គាល់ ជាប្រទេសជ័យលាភីមួយ នៅក្នុងតំបន់អាស៉ីប៉ាស៉ីហ្វិកយើង ក្នុងចំណោមប្រទេស ចំនួន៦»។
លោកស្រី ជូ ប៊ុនអេង បន្តថា កម្ពុជាបានចូលរួមប្រជុំជាមួយ អង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងកតិកាសញ្ញា GCM ចំនួន ៣លើក ធំៗមកហើយ។ ជាទូទៅ នៅឆ្នាំ២០២២ គឺមានគម្រោងថា ប្រទេសហត្ថលេខីនឹងធ្វើសេចក្តីរាយការណ៍ ក៏ដូចជាផ្លាស់ប្តូរលទ្ធផល មេរៀន និងបទពិសោធន៍ នៅក្នុងការអនុវត្តកតិកាសញ្ញាពិភពលោកនេះ បានជោគជ័យ នាឆ្នាំ២០២២។ គម្រោងដើម ត្រូវប្រជុំនៅឯទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ប៉ុន្តែដោយសារតែបញ្ហាកូវីដ១៩ ប្រហែលជាត្រូវធ្វើតាមប្រព័ន្ធអនឡាញ Zoom វិញ។
សូមជម្រាបថា កតិកាសញ្ញាពិភពលោកសម្រាប់ទេសន្ដរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ គឺជាប្រកខណ្ឌទូលំទូលាយទីមួយរបស់អង្គការសហប្រជាជាតិ ដែលត្រូវបានអនុម័ត តាមរយៈកិច្ចការពិភាក្សា អន្ដររដ្ឋាភិបាល ដើម្បីធ្វើឱ្យកិច្ចសហការអន្ដរជាតិមានភាពល្អប្រសើរ ក្នុងអភិបាលកិច្ចទេសន្ដរប្រវេសន៍ជាសកល និងត្រូវបានឯកភាពគាំទ្រដោយមហាសន្និបាត អង្គការសហប្រជាជាតិ ដែលបានប្រារព្ធឡើងកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងញ៉ូយ៉ក ដែលមានសមាជិកចូលរួមចំនួន ១៥២ប្រទេស៕