(ភ្នំពេញ)៖ អតីតមន្ត្រីយោធាជើងអាកាស នៃកងយោធពលខេមរភូមិន្ទ និងជាឈ្មួញឈើប្រណីតម្នាក់ នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ ត្រូវបានអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក កោ វណ្ឌី ប្រកាសសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារ១៨ខែ តែអនុវត្តទោសត្រឹម៤ខែប៉ុណ្ណោះ ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ អាចជួញដូរបានឬចេញសែក គ្មានសាច់ប្រាក់ចំនួន៥ម៉ឺនដុល្លារអាមេរិក តាមរូបភាពជំនួញឈើប្រណីត។ ក្នុងសាលក្រមនេះ តុលាការសម្រេចឲ្យជនជាប់ចោទ សងប្រាក់ដើមបណ្ដឹងចំនួន៥ម៉ឺនដុល្លារអាមេរិក។
អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក កោ វណ្ឌី បានថ្លែងក្នុងសវនាការ ថា ជនជាប់ចោទឈ្មោះ ឆេង សុគន្ធា ជាប់ចោទពីបទ៖ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ ដែលអាចជួញដូរបានតាមបញ្ញាតិមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់ប្រាក់។ ចំណែកភាគីដើមបណ្តឹងនៅក្នុងរឿងក្តីនេះ មានឈ្មោះ លី ធីរិទ្ធិ ភេទប្រុស មានមុខរបរជាពាណិជ្ជករ និងមានមេធាវីតំណាង ដោយអាណត្តិ លោក សំ សុគង់។
លោកចៅក្រម បានបញ្ជាក់ថា ជនជាប់ចោទឈ្មោះ ឆេង សុគន្ធា ត្រូវបានវចាប់ខ្លួន តាមដីកាសាលាដំបូងរាជធានីភ្នំពេញ កាលពីខែមករា ឆ្នាំ២០១៦។ នៅក្នុងរឿងក្តីនេះ ភាគីដើមបណ្តឹង ប្តឹងសុំឲ្យតុលាការសម្រេចផ្តន្ទាទោស ជនល្មើសតាមច្បាប់ និងទាមទារប្រាក់ដើម ចំនួន៥ម៉ឺនដុល្លារអាមេរិក និងថ្លៃជម្ងឺចិត្ត ចំនួន១ម៉ឺនដុល្លារអាមេរិក៕