(កូរ៉េខាងត្បូង)៖ ក្រោមការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់លោកទូត និងសហការី ទីបំផុតសមាគមនិស្សិតខ្មែរនៅកូរ៉េ មានទីស្នាក់ការផ្ទាល់ខ្លួននៅទីក្រុងសេអ៊ូល បន្ទាប់ពីបានបង្កើតសមាគមអស់រយៈពេល៨ឆ្នាំកន្លងមក ហើយក៏ជាសមាគមនិស្សិតកម្ពុជាទី១ នៅក្រៅប្រទេសដែលមានទីស្នាក់ការផ្ទាល់ខ្លួន។
ពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការទីស្នាក់ការសមាគមនិស្សិតខ្មែរប្រចាំសាធារណរដ្ឋកូរ៉េ បានប្រព្រឹត្តទៅនាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ក្រោមអធិបតីភាពលោកទូត ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា និងលោក Yu Changhyung តំណាងសមាគម Happy Dream Association ដែលជាសប្បុរសជនឧបត្ថមដល់ការជួលអគារ។
ទីស្នាក់ការនេះស្ថិតនៅសង្កាត់ហាន់ណាំ ខណ្ឌយ៉ុងសាន ទីក្រុងសេអ៊ូល និងមានការចូលរួមពីមន្រ្តីទូត និងនិស្សិតចំនួនប្រមាណ២០នាក់ផងដែរ ក្រោមបរិយាកាសរីករាយនិងក្ដីរំភើប។ ថ្លៃងក្នុងរបាយការណ៍ស្វាគមន៍នៃពិធីសម្ពោធ លោកស្រី តូច ពិសី ប្រធានសមាគមនិស្សិតកម្ពុជាអាណត្តិទី៨ បានលើកឡើងថា «នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត និងជាព្រឹត្តិការណ៍សឹងតែពុំនឹងស្មានដល់សម្រាប់ក្រុមប្រឹក្សាភិបាលសមាគមគ្រប់ៗអាណត្តិកន្លងមក»។
លោកទូតក៏បានផ្តាំផ្ញើប្អូនៗនិស្សិត សូមប្រើប្រាស់ទីតាំងនេះប្រកបដោយគុណភាព និងគុណតម្លៃ ហើយសង្ឃឹមថា ទីស្នាក់ការនេះនឹងជាកន្លែងផ្លាស់ប្តូរចំណេះដឹង បទពិសោធ និងជួយដោះស្រាយបញ្ហានានារបស់ប្អូនៗនិស្សិតក្នុងកំឡុងពេលសិក្សានៅកូរ៉េ៕