(ភ្នំពេញ)៖ លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានធ្វើការណែនាំជាសាធារណៈ ដល់មន្រ្តីដែលទើបតែងតាំងថ្មីក្នុងក្រសួងរបស់ខ្លួន ជាជាឱឡារិកថា មុខតំណែង តួនាទីភារកិច្ច ដែលរាជរដ្ឋាភិបាលផ្តល់ឲ្យនេះ គឺជាទំនុកចិត្តរបស់រាជរដ្ឋាភិបាល ដែលគ្រប់គ្នាមានភារកិច្ចធ្វើការ បម្រើជាតិមាតុភូមិ ដោយភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ ដោយប្រើ ប្រាស់ចំណេះជំនាញរបស់ខ្លួនឲ្យអស់លទ្ធភាព។

កាថ្លែងបែបនេះរបស់លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ គឺក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំង មុខតំណែងរដ្ឋលេខាធិការ និងមន្ត្រីជាន់ខ្ពស់នៃក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍សរុបចំនួន ០៨រូប នៅទីស្តីការក្រសួង និងតាមប្រព័ន្ធអនឡាញ ដើម្បីអនុវត្តតាម វិធានសុខាភិបាល នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ។

បន្ទាប់ពីលោក ជួរ ជេតទីវន្ត ទីប្រឹក្សាក្រសួង និងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការទូទៅ អានព្រះរាជក្រឹត្យ និងអនុក្រឹត្យតែងតាំងរួចមក ថ្លែងសំណេះសំណាលក្នុងអង្គពិធី នាឱកាសនោះ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានរំលឹក និងទាញអារម្មណ៍ថា ក្នុងរាជរដ្ឋាភិបាលអណត្តិទី៥ នេះ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ត្រូវបានបំបែកចេញពីអតីតក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល និងតមកទៀត ក្រសួងក៏ត្រូវប្តូរឈ្មោះជាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយត្រូវបន្ថែមមុខងារ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលមានវិសាលភាពធំធេង។

ដូច្នេះតាំងពីដើមរៀងមក គឺយើងបានខិតខំប្រឹងប្រែង ជំនះការលំបាករាប់មិនអស់ រហូតយើងមានថ្ងៃនេះ ដែលយើងអាចចាត់ទុកថា យើងកសាងបាននូវសមិទ្ធផល និងធនធានមនុស្ស ប្រកបដោយសក្តានុពល ហើយកំពុងត្រៀមជំនះនូវបញ្ហាជាច្រើនទៀត ដើម្បីឆ្លើយតបនិងគុណបំណាច់ក៏ដូចជាទំនុកចិត្ត ដែលរាជរដ្ឋាភិបាល បានផ្តល់មកយើងទាំងអស់គ្នា។

លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានសង្កត់ធ្ងន់ថា «អ្នកដែលត្រូវទទួលបានការតែងតាំង ពិតណាស់មិនអាចបំភ្លេច នូវគុណបំណាច់ដ៏ថ្លៃថ្លា របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោនាយករដ្ឋមន្ត្រីឡើយ ពីព្រោះរាល់សំណើរតែងតាំងដែលខ្ញុំស្នើឡើងជូនសម្តេច គឺសម្តេចតេជោ នាយករដ្ឋមន្ត្រី មិនដែលបដិសេធម្តងណាឡើយ។ នេះសបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលយើង ដែលមានចក្ខុវិស័យវែងឆ្ងាយ មុតស្រួច ក្នុងការប្រមូលធនធាន ចំណេះដឹងនៃបញ្ញាវន្តខ្មែរ មកចូលរួមអភិវឌ្ឍប្រទេសជាតិ ទាំងអស់គ្នា»។

លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានបញ្ជាក់ថា ការផ្ទេរ និងតែងតាំងមុខតំណែងជារដ្ឋលេខាធិការចំនួន២រូបខាងលើ គឺជាតម្រូវការចាំបាច់មួយ ពីព្រោះលោក កាន ច័ន្ទមេត្តា មានជំនាញ និងបទពិសោធន៍ លើវិស័យ វិទ្យាសាស្ត្រ ដែលអាចមកជួយក្រសួងរបស់យើងបាន រួមជាមួយថ្នាក់ដឹកនាំដទៃទៀត។

ចំណែកលោក ស៉ឹម ស៉ីថា មានជំនាញផ្នែកវិស័យទឹកស្អាត ដែលជាការងារដ៏សំខាន់របស់ក្រសួង ទាំងពេលបច្ចុប្បន្ន និងអនាគត។ ចំពោះការតែងតាំងមន្ត្រីជាន់ខ្ពស់ក្រសួងចំនួន ០៦រូបទៀត គឺការតែងតាំងនេះ មិនមានការសូកប៉ាន់ ឬអន្តរាគមន៍ណាមួយទេ និងសូមបញ្ជាក់ថា មន្ត្រីខ្លះមិនទាំងដឹងខ្លួន ពីការតែងតាំងនេះផង។ ការតែងតាំងនេះ គឺផ្អែកលើសមិទ្ធផលការងារ អត្តចរិក ចំណេះជំនាញ និងបទពិសោធន៍ការងារ របស់បុគ្គលម្នាក់ៗសុទ្ធសាធ ហើយ៨០% គឺយេងផ្អែកទៅលើការបោះឆ្នោតស្ទង់មតិ ភ្នែកមហាជន ដែលក្រសួងបានធ្វើក្នុងមួយឆ្នាំ២ដងផងដែរ។

ក្នុងនោះ បើបានទទួលតំណែងក្នុងមុខនាទីក្នុងការសម្រេចចិត្តមួយហើយ ត្រូវសំឡឹងមើលកូនចៅថ្នាក់ក្រោម តើនរណាសកម្ម និងនរណាខ្ជិលច្រអូសអសកម្ម? ដើម្បីយើងមានវិធានការជាក់ស្តែង លើកទឹកចិត្ត និងផ្តល់តួនាទីបន្ថែមជាដើម។ ជាពិសេស ក្នុងដំណាក់កាលនៃវិបត្តិកូវីដ-១៩នេះ ដាច់ខាតមិនត្រូវផ្តេកផ្តួល តាមសភាពការណ៍នេះឡើយ ដូចជាទុកឯកសារគរចោល និងព្រងើយកន្តើយការងារសំខាន់ៗជាច្រើនទៀត ពីព្រោះប្រទេសជាតិក្នុងដំណាក់កាលនេះ ត្រូវការភាពផុលផុសទាំងអស់គ្នា ដោយយើងត្រូវមើលគម្រូវីរៈភាពដ៏អស្ចារ្យ និងថ្លៃថ្លារបស់សម្តេចប្រមុខរាជរដ្ឋាភិបាល ដែលសម្តេចបានខិតខំទាំងយប់ទាំងថ្ងៃ មិនខ្លាចនឿយហត់ ក្នុងមួយជីវិតរបស់សម្តេច ដើម្បីបុព្វហេតុជាតិមាតុភូមិ ភាពរស់រាន និងការអភិវឌ្ឍន៍ប្រទេសជាតិឥតឈប់ឈរ៕