(ភ្នំពេញ)៖ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) ហៅកាត់ថា ACU នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ បានសេចក្ដីប្រកាសព័ត៌មាន ពាក់ព័ន្ធពាក្យប្ដឹងអនាមិក ករណីភាពមិនប្រក្រតីដែលកើតមានក្នុងបរិវេណអាងទឹកតាកែវ ក្នុងក្រុងដូនកែវ ខេត្តតាកែវ។
សេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន គឺបញ្ជាក់ថា ក្រោយពីបានទទួលពាក្យប្តឹងអនាមិកជាបន្តបន្ទាប់ពាក់ព័ន្ធករណី ជីកយកអាចម៌ដី លុបដីបំពេញ សាងសង់សំណង់រឹងមាំ និងការទិញលក់ដីធ្លីក្នុងបរិវេណនៃអាងទឹកតាកែវ ក្នុងក្រុងដូនកែវ ខេត្តតាកែវ រួចមកក្រុមការងារ ACU បានចុះស្រាវជ្រាវដល់ទីតាំងជាក់ស្តែង ហើយពិនិត្យឃើញថា បាតុភាពដែលពាក្យប្តឹងបានលើកឡើងអាចជាទំនាស់ ឬជាកំហុសលើករណីផ្សេង ក្រៅពីសមត្ថកិច្ចរបស់ ACU ដូចជា៖
* ការរជីកយកអាចម៌ដីពីផ្ទៃបាតបឹង។
* ការចាក់ដីលុបផ្ទៃអាងទឹក។
* ការសាងសង់សំណង់ក្នុងបរិវេណអាងទឹក។
* ព្រមទាំងមានការទិញលក់ដីធ្លីក្នុងបរិវេណអាងទឹក ដោយមានការបញ្ជាក់ទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានទៀតផង។
ផ្អែកតាមលទ្ធផលខាងលើនេះ ACU បានស្នើដល់អាជ្ញាធរខេត្តតាកែវ ត្រូវមានវិធានការទប់ស្កាត់ជាបន្ទាន់ ចំពោះបុគ្គលដែលពាក់ព័ន្ធនឹងករណីខាងលើ ដើម្បីធានាដល់និរន្តភាពនៃការប្រើប្រាស់អាងទឹកតាកែវនេះ។
អង្គភាពប្រឆាំងអំពើពុករលួយ បន្តតាមដានករណីនេះ និងមានវិធានការតាមផ្លូវច្បាប់បន្តបន្ទាប់ទៀត តាមសភាពការវិវដ្តជាក់ស្តែង៕