(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី៣០ ខែមីនានេះ អ្នកចុះឈ្មោះចូលរួមប្រកួតកីឡាអុកចត្រង្គអង្គរសង្ក្រាន្ដ ដើម្បីចង់ក្លាយជាស្ដេចអុក ប្រចាំឆ្នាំ២០១៦ នេះបានកើនឡើងដល់ ១០៧នាក់ហើយ នេះយោងតាមការឲ្យដឹងពីមន្ដ្រីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ។
លោក ឯម ហៀង ប្រធានរដ្ឋបាល NOCC បានបញ្ជាក់ថា «មកទល់នឹងពេលនេះ គណៈកម្មការរៀបចំការប្រកួត និងអ្នកទទួលពាក្យបេក្ខជនចុះឈ្មោះ បានចាយសំបុត្រចុះឈ្មោះអស់ ១២០ច្បាប់ ប៉ុន្ដែក្រុមការងារលោកបានទទួលពាក្យ ១០៧ នាក់ហើយ រីឯ១៣នាក់ទៀតមិនច្បាស់នោះទេ»។
លោកបន្ដថា ទោះជាយ៉ាងណាការទទួលពាក្យចូលរួមការប្រកួតជម្រុះ ដើម្បីរកជើងខ្លាំង៨នាក់ឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ នៅមិនទាន់បញ្ចប់នៅឡើយ ដោយនឹងបន្ដទទួលពាក្យរហូតដល់ជិតថ្ងៃប្រកួត ខណៈការប្រកួតជម្រុះជុំទី១ នឹងធ្វើឡើងនៅថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែមេសាខាងមុខ នៅទីស្នាក់ការ NOCC ផ្ទាល់តែម្តង។
ជាមួយគ្នានោះលោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានឲ្យដឹងដែរថា ចំនួនអ្នកចុះឈ្មោះ ១០៧នាក់ពេលនេះ គឺមានការកើនឡើងជាងឆ្នាំមុនច្រើន។ លោកថា នេះជាជោគជ័យមួយកម្រិតបន្ថែមទៀត ចំពោះការបំផុសសកម្មភាពកីឡាអុកចត្រង្គ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ហើយលោកក៏សង្ឃឹមថា ចំនួនអ្នកចូលរួមនឹងមានការកើនឡើងបន្ដទៀតដែរ។
សូមបញ្ជាក់ថា នៅក្នុងចំណោមបេក្ខជនចុះឈ្មោះរួចទាំង ១០៧នាក់ គឺនៅមិនទាន់ដឹងពីសមត្ថភាពខ្លាំង ឬខ្សោយនោះទេ ប៉ុន្ដែអ្វីដែលគេស្គាល់ច្បាស់ គឺស្ដេចអុកប្រចាំបុណ្យសមុទ្រ និងស្តេចអុកបុណ្យទន្លេ ព្រមទាំងអតីតស្ដេចអុក ២សម័យកាល ឈាវ បូរ៉ា សុទ្ធតែបានដាក់ពាក្យចូលរួមប្រកួតរួចហើយ រីឯស្តេចអុកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០១០ កីឡាករ ឆយ វីរ៉ា និងជើងឯករងកីឡាករ គ្រួច ចន្ថារិទ្ធ ក៏ចូលរួមដែរ ចំពោះប្រាក់រង្វាន់លេខ១ ទទួលបាន ១២លានរៀល លេខ២ ទទួលបាន ៨លានរៀល និងលេខ៣ នឹងទទួលបាន ៤លានរៀល៕