(ព្រះសីហនុ)៖ ខេត្តព្រះសីហនុ គឺជាខេត្តដែលត្រូវបានរកឃើញអ្នកវិជ្ជមានកូវីដច្រើនបន្ទាប់ពីរាជធានីភ្នំពេញ និងខេត្តកណ្តាល។ គ្រូពេទ្យដែលបម្រើការងារ នៅតាមមណ្ឌលសុខភាព ចំនួន៦៣នាក់ ត្រូវបានចាត់មកចូលរួមជាមួយក្រុមគ្រូពេទ្យ នៅក្រុងព្រះសីហនុ ដែលជាកន្លែងព្យាបាល និងមើលថែទាំងអ្នកជំងឺកូវីដ១៩ និងយកសំណាក់អ្នកពាក់ព័ន្ធ។

បន្ទាប់ពីបានចូលរួមការងារប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូវីដ១៩ជាច្រើនខែ មកពេលនេះ ក្រុមគ្រូពេទ្យមកពីបណ្តាមណ្ឌលសុខភាពតាមឃុំនានា នៅខេត្តព្រះសីហនុ ត្រូវបានរំសាយឲ្យត្រឡប់ទៅមណ្ឌលរបស់ខ្លួនវិញ ក្រោយស្ថានភាពឆ្លងថ្មី នៃជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ មានការថយចុះ និងអាចគ្រប់គ្រងបាន។

ជាក់ស្ដែង នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលថ្លែងអំណរគុណ និងផ្តល់ការលើកទឹកចិត្តផងដែរ។ លោក គួច ចំរើន បានថ្លែងការកោតសរសើរចំពោះពលិកម្មរបស់ក្រុមគ្រូពេទ្យទាំងអស់គ្នា ដើម្បីប្រជាជាតិនាពេលកន្លងមកនេះ។

ទន្ទឹមនឹងនេះ លោកអភិបាលខេត្ត ក៏បានបង្ហាញការសោកស្តាយជាពន់ពេក ចំពោះក្រុមគ្រួសារសពអ្នកគ្រូពេទ្យ អ៉ឹម ស្រីនិ ដែលបានបាត់បង់អាយុជីវិត ក្នុងបុព្វហេតុប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ លោកចាត់ទុកថា នេះជាការបាត់បង់នូវធនធានមនុស្សដែលមានវីរភាពដ៏ល្អប្រពៃ ក្នុងការចូលរួមជាមួយ រាជរដ្ឋាភិបាលក្នុងបុព្វហេតុជួយការពារអាយុជីវិត និងសុខមាលភាពប្រជាជន។ លោកបួងសួងសូមឲ្យវិញ្ញាណក្ខន្ធអ្នកគ្រូពេទ្យ ទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

លោក គួច ចំរើន ក្នុងនាមប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ មន្ត្រីរាជការ និងប្រជាពលរដ្ឋខេត្តព្រះសីហនុ សូមកោតសរសើរដោយស្មោះចំពោះថ្នាក់ដឹកនាំ មន្ទីរសុខាភិបាល មន្ត្រីសុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ក្នុងខេត្តព្រះសីហនុ នាពេលកន្លងមកនេះយ៉ាងសកម្ម។

ជាមួយគ្នានេះ ក្រុមគ្រូពេទ្យក៏ទទួលបាននូវបទពិសោធន៍ថ្មី អំពីរបៀបធ្វើការងារជាមួយកូវីដ១៩ ដូចជាការសំណាក មើលថែអ្នកជំងឺ ព្យាបាលអ្នកជំងឺកូវីដ រួមទាំងការចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនពលរដ្ឋផងដែរ។

លោក គួច ចំរើន បានគូសបញ្ជាក់ថា ទោះបីជាពេលនេះគ្រូពេទ្យត្រូវចាកចេញទៅវិញពីសមរភូមិប្រយុទ្ធជាមួយកូវីដ១៩ នៅក្រុងព្រះសីហនុ ប៉ុន្តែពួកគាត់នៅតែមានការងារចាំបាច់ជាច្រើនទៀត នៅឯមូលដ្ឋានស្របពេលសាលារៀនគ្រោងបើកដំណើរការ
ឡើងវិញក្នុងពេលឆាប់ៗនេះ៕