(ភ្នំពេញ)៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដែលជាកូនប្រុសសម្តេចក្រឡហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា ល្បែងប្រជាភិថុតិរបស់ក្រុមអ្នកនយោបាយប្រឆាំងមួយចំនួន ដែលភ្ជាប់សម្តេចក្រឡាហោម ស ខេង ដើម្បីស្តារស្ថានភាព និងប្រជាប្រិយភាពរបស់ខ្លួន និងឃោសនាកុហកបោកប្រាស់បំភាន់មហាជន គួរត្រូវបានបញ្ចប់។

លោកបានលើកឡើងនៅលើហ្វេសបុក នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ដោយបញ្ជាក់ា ជាបន្តបន្ទាប់ក្រុមអ្នកនយោបាយប្រឆាំងមួយចំនួន ដែលធ្វើនយោបាយតែដើម្បីដូរបាយនោះ បាននិងកំពុងផ្តិតយក ឬភ្ជាប់ជាមួយសម្តេចក្រឡាហោម ស ខេង ដើម្បីស្តារស្ថានភាព និងប្រជាប្រិយភាពរបស់ខ្លួន ឃោសនាកុហកបោកប្រាស់បំភាន់ ក្នុងន័យបំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា ដែលកំពុងមាននយោបាយល្អទាំងក្នុងប្រទេស និងលើឆាកអន្តរជាតិ។ ជាមួយគ្នានេះអ្នកវិភាគមួយចំនួន បានលើកយកវត្តមានសម្តេចក្រឡាហោម អញ្ជើញទៅប្រទេសបារាំង ដើម្បីពិនិត្យសុខភាព ទាញចេញទៅជារឿងបែបនេះបែបនោះ បំភាន់មតិជាតិ-អន្តរជាតិ ឲ្យយល់ច្រឡំថា គណបក្សប្រជាជនកម្ពុជា កំពុងបែកបាក់ផ្ទៃក្នុង ផ្ទុយស្រឡះពីការពិត។

លោកបានបន្ថែមថា «គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ដែលមានជំហរ និងរក្សាបាននូវសាមគ្គីភាពផ្ទៃក្នុងល្អ រឹងមាំមិនអាចអ្នកណា ឬក្រុមណាមួយបំបែកបាន និងជាក្តីសង្ឃឹមតែមួយគត់របស់ប្រជាជនកម្ពុជាតរៀងទៅ។ ក្នុងនាមជាយុវជនជំនាន់ក្រោយមួយរូប និងក្នុងនាមជាក្រុមគ្រួសាររបស់ សម្តេចក្រឡាហោម ផងនោះ ខ្ញុំសុំទទូចឲ្យអ្នកនយោបាយប្រឆាំងទាំងនោះ ល្មមចប់សព្វគ្រប់ និងល្មមបញ្ឈប់អត្តចរិតរំលោភបំពានទៅលើគេ ពិសេសទៅលើ សម្តេចក្រឡាហោម ស ខេង ដែលគ្រប់យ៉ាងមិនមែនជាការពិត ព្រោះថា “ល្បែងបោកប្រាស់តាមយន្តការប្រជាភិថុតិ” របស់ក្រុមអស់លោក គ្មានអ្នកណាជឿទៀតទេ»។

លោក ស សុខា បានបញ្ជាក់ថា សម្តេចក្រឡាហោម ក៏ដូចជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាផ្សេងៗទៀត គឺបាន និងកំពុងលះបង់ទាំងកម្លាំងកាយ ចិត្ត ដើម្បីកសាងប្រទេសជាតិ ដែលផ្ទុយស្រឡះពីក្រុមអ្នកនយោបាយប្រឆាំងមួយចំនួន បានត្រឹមតែស្រែកបំភាន់ ញុះញង់ បំបែកបំបាក់ ដើម្បីតែផលប្រយោជន៍ខ្លួនឯង និងបក្ខពួករបស់ខ្លួននោះ ។ ក្នុងនាមអ្នកនយោបាយជំនាន់មុន គួរគប្បីធ្វើជាគំរូវិជ្ជមាន សម្រាប់អ្នកនយោបាយជំនាន់ក្រោយ រៀនសូត្រតាម ពិសេសបណ្ដុះមនសិការស្រឡាញ់ជាតិ ជ្រោមជ្រែងជាតិពិតប្រាកដ ចៀសវាងការធ្វើប្រជាភិថុតិយុវជន ប្រជាជន។

សូមបញ្ជាក់ថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ បានអញ្ជើញទៅកាន់ប្រទេសបារាំង រយៈពេល២សប្តាហ៍ ដោយសារធុរផ្ទាល់ខ្លួន។ បន្ទាប់ពីទទួលបានដំណឹងអំពីដំណើរឯកជនរបស់សម្តេចក្រឡាហោម ស ខេង, ក្រុមប្រឆាំងក្រៅច្បាប់ បានដាក់ចេញនូវយុទ្ធនាការបំភ្លៃការពិតថា សម្តេចក្រឡាហោម មានចំនួបជាមួយ លោក សម រង្ស៉ី នៅប្រទេសបារាំង ដើម្បីពិភាក្សាអំពីការបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយ។

លោក ស សុខ និងនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានចេញមុខច្រានចោលភ្លាមៗចំពោះព័ត៌មាននេះ។ ជាមួយគ្នានេះ ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវចាប់ខ្លួន ជនដែលបំភ្លៃ និងចែកចាយបន្តដោយគោលដៅទុចរិតផងដែរ៕