(វ៉ាស៊ីនតោន)៖ អ្នកជំនាញផ្នែកសព្វាវុធទំនើបៗរបស់អាមេរិក បានលើកឡើងថា ការធ្វើតេស្តគ្រាប់មីស៊ីលដើរដោយឥន្ធនៈរឹង (solid-fuel missile) របស់កូរ៉េខាងជើង កាលពីពេលថ្មីៗនេះគឺនៅស្ទើរ ខ្លាំងណាស់ ដោយប្រទេសនេះត្រូវការពេលរាប់ឆ្នាំទៀត ដើម្បីអភិវឌ្ឍប្រព័ន្ធបាញ់គ្រាប់មីស៊ីល ប្រភេទខាងលើ ដែលអាចធ្វើការវាយប្រហារដល់ ទឹកដីអាមេរិកបាន។ នេះបើតាមការចេញផ្សាយ មុននេះបន្តិចដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០១៦។
កាលពីសប្តាហ៍មុននេះ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានអនុញ្ញាតឲ្យមានការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនគ្រាប់មីស៊ីល ដើម្បីត្រៀមធ្វើការវាយប្រហារដ៏អស្ចារ្យ និងគួរឲ្យខ្លាចទៅលើ បេះដូងសត្រូវនានារបស់ខ្លួន។
នៅក្នុងនោះដែរ គ្រាប់មីស៊ីលផ្ទុកដោយឥន្ធនៈរឹងដ៏មានឥទ្ធិពល ត្រូវបានកូរ៉េខាងជើងអះអាងថា ខ្លួនបានសម្រេចការអភិវឌ្ឍ ដែលវាបានត្រៀមរួចរាល់នឹងអាចធ្វើការបាញ់ក្នុងនាទីណាមួយក៏បាន។ យ៉ាងណាក៏ដោយ ផ្នែកជំនាញអាមេរិក បានធ្វើការសន្និដ្ឋានតាមរយៈរូបភាពពីប្រព័ន្ធផ្កាយរណបនោះថា កូរ៉េខាងជើង មិនទាម់អាចមានលទ្ធភាពដល់កម្រិតនោះឡើយ ដោយរដ្ឋកុម្មុយនិស្តមួយនេះ ត្រូវការពេលរាប់ឆ្នាំទៀត៕