(កំពង់ស្ពឺ)៖ ប្រជាពលរដ្ឋរស់នៅ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានប្រទះឃើញគ្រាប់ដែលបន្សល់ពីសម័យសង្គ្រាម ជាច្រើនគ្រាប់ស្ថិតនៅក្នុងព្រៃ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦នេះ ហើយត្រូវបានកម្លាំងអាវុធហត្ថចុះទៅពិនិត្យ និងប្រមូលយកមករក្សាទុកជាបណ្តោះអាសន្ន។
លោក អ៊ី សំអុល អាយុ៤១ឆ្នាំ មុខរបរធ្វើស្រែរស់នៅភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់ ដែលបានប្រទះឃើញគ្រាប់ទាំងនេះ នៅក្នុងព្រៃចំណុចផាង ភូមិរម៉ាំងស ឃុំតាសាល។ មន្រ្តីអាវុធហត្ថខេត្តកំពង់ស្ពឺ បានឲ្យដឹងថា គ្រាប់ទាំងនេះមានចំនួន៥២២គ្រាប់ ក្នុងនោះគ្រាប់អូកាណូចំនួន៤៣៨ គ្រាប់ដែលអាចប្រើបានគុណភាព៧០% ដែលគ្រាប់ទាំងនេះ សល់ពីសម័យសង្រ្គាម។
លោក សោម ពុទ្ធតារា មេបញ្ជាការស្រុកឱរ៉ាល់ បានបញ្ជាក់ថា គ្រាប់ទាំងនេះ នៅមានគុណភាពប្រមាណ៧០% ដែលអាចនៅបង្កគ្រោះថ្នាក់ដល់មនុស្សបាន។ គ្រាប់ទាំងអស់អាចជាគ្រាប់បន្សល់ពីសមយ័សង្គ្រាម ដោយសារទីនោះ ជាតំបន់សមភូមិពីអតីតកាល។ បច្ចុប្បន្នគ្រាប់កាំភ្លើងខាងលើ ត្រូវបានយកមករក្សាទុកនៅទី បញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់ ដើម្បីប្រគល់បន្តជូនដល់ជំនាញស៊ីម៉ាក់៕