(ស្ទឹងត្រែង)៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចបញ្ចប់ការបិទខ្ទប់ជាបណ្ដោះអាសន្នភូមិសាស្ដ្រ «ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង» និងមូលដ្ឋានបិទខ្ទប់មួយចំនួន និងដាក់ចេញនូវវិធានការរដ្ឋបាល និងវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ដើម្បីបន្ដទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

សេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News រដ្ឋបាលខេត្តស្ទឹងត្រែង បានកំណត់យ៉ាងដូច្នេះថា «បញ្ចប់ការបិទខ្ទប់ជាបណ្ដោះអាសន្នភូមិសាស្ដ្រ ក្រុងស្ទឹងត្រែង មូលដ្ឋានភូមិថ្មី សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង និងមូលដ្ឋានភូមិអូរត្រែល ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដោយគិតចាប់ពីម៉ោង២៣៖៥៩នាទី ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១តទៅ»

បើទោះបីបញ្ចប់ការបិទខ្ទប់ ប៉ុន្ដែរដ្ឋបាលខេត្តស្ទឹងត្រែង បានកំណត់ឲ្យបន្ដអនុវត្តវិធានការ និងវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ដ្រខេត្តស្ទឹងត្រែង ដែលរួមមាន៖

* ផ្អាកជាបណ្ដោះអាសន្នសកម្មភាព មុខរបរ និងអាជីវកម្មក្លឹបកម្សាន្ដគ្រប់ប្រភេទ រមណីយដ្ឋាន និងសួនកម្សាន្ដនានា
* ផ្អាកជាបណ្ដោះអាសន្នអាជីវកម្មម៉ាស្សា
* ផ្អាកជាបណ្ដោះអាសន្នហាងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ
* ផ្អាកជាបណ្ដោះអាសន្នក្លឹបហាត់ប្រាណ ទីតាំងលេខកីឡាគ្រប់ប្រភេទ
* ផ្អាកជាបណ្ដោះអាសន្នការជួបជុំមានមនុស្សច្រើនខុសពីវិធានសុវត្ថិភាពសុខាភិបាល ក្នុងមូលដ្ឋានក្រុងស្ទឹងត្រែង ចាប់ពីម៉ោង២៣៖៥៩នាទីយប់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ តទៅរហូតដល់មានសេចក្ដីសម្រេចថ្មី។

បន្ថែមពីនេះ រដ្ឋបាលខេត្តស្ទឹងត្រែង បានកំណត់នូវការអនុវត្តបំរាមគោចរ ពីចន្លោះម៉ោង២១យប់ ដល់ម៉ោង៣ភ្លឺ សម្រាប់ភូមិសាស្ដ្រក្រុងស្ទឹងត្រែង និងទីប្រជុំជននានាក្នុងមូលដ្ឋានស្រុកទាំង៥ និងបន្ដអនុវត្តវិធានការសុខាភិបាលក្នុងការបំពេញកាតព្វកិច្ចពាក់ម៉ាស និងគម្លាតសុវត្ថិភាពបុគ្គល និងសង្គមឲ្យមានប្រសិទ្ធភាពខ្ពស់។

សូមជម្រាបថា កាលពីពេលកន្លងទៅបន្ទាប់រកឃើញមានអ្នកឆ្លងជំងឺកូវីដ១៩ ប្រភេទបំប្លែងខ្លួនថ្មី នៅមូលដ្ឋានក្រុងស្ទឹងត្រែងនោះ រដ្ឋបាលខេត្តបានចេញសេចក្ដីសម្រេចបិទខ្ទប់ភូមិសាស្ដ្រក្រុងនេះ ជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ពិសេសពួកបំប្លែងខ្លូនថ្មីតែម្ដង៕