(ភ្នំពេញ)៖ បន្ទាប់ពីប្រគល់រង្វាន់«សន្តិភាព និងការអភិវឌ្ឍ»ជូន សម្តេច ហេង សំរិន និងសម្តេចតេជោ ហ៊ុន សែន រួចមកសហព័ន្ធ អ្នកសារព័ត៌មានអាស៊ាន (UMA) បានបន្តប្រគល់ពានរង្វាន់នេះជូនឥស្សរជនខ្មែរ ៣រូបផ្សេងទៀត នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦នេះ ។
ឥស្សរជន៣រូបនោះរួមមាន លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន, លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ និង លោកឧកញ៉ា សៀង ណាំ តំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប ដែលត្រូវបានUMA ប្រគល់ជូន នៅក្នុងសណ្ឋាការសុខាភ្នំពេញ នៅព្រឹកមិញ។
កាលពីម្សិលមិញ បន្ទាប់ពីទទួលបានពានរង្វាន់ខាងលើ សម្តេចតេជោ ហ៊ុន សែន បានឧទ្ទិសកិត្តិយសនេះ ជូនដល់ប្រជាពលរដ្ឋខ្មែរ ទាំងអស់។ សម្តេចថា បើគ្មានការគាំទ្រពីប្រជាពលរដ្ឋខ្មែរទេ សម្តេចក៏មិនទទួលបានជោគជ័យ ដូចសព្វថ្ងៃនេះដែរ។
សម្តេចបានបន្ថែមថា «បើគ្មានការគាំទ្រពីកម្ពុជា គ្មានការគាំទ្រពីថ្នាក់ដឹកនាំ គ្មានការគាំទ្រពីសហការី គ្មានការគាំទ្រពីភរិយា គ្មានការគាំទ្រពីកូន ពីចៅ ខ្ញុំមិនអាចសម្រេចជោគជ័យបាន រហូតមកដល់ថ្ងៃនេះ»៕