(ព្រះសីហនុ)៖ ក្នុងឱកាសចុះពិនិត្យទីតាំងសាងសង់អគារព្យាបាលអ្នកជំងឺកូវីដ ដែលកំពុងរៀបចំសាងសង់នៅក្នុងបរិវេណ នៃមន្ទីរពទ្យបង្អែកខេត្តព្រះសីហនុ មានឈ្មោះថា «អគារតេជោព្យាបាលជំងឺកូវីដ១៩» នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានណែនាំក្រុមការងាសាងសង់ ពន្លឿនការសាងសង់ ការរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ពន្ធ័ និងរៀបចំសួនច្បារ ដាំស្មៅ ដើមឈើ ឱ្យទីធ្លាមានសោភ័ណភាពនិងពណ៍បៃតង។
លោក គួច ចំរើន បានបន្ថែមថា មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ក្រៅពីការឧបត្ថម្ភពីសប្បុរសជនសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានជួយជាបន្តបន្ទាប់ ដើម្បីធ្វើឱ្យមន្ទីរពេទ្យមួយនេះកាន់តែមានលទ្ធភាព ក្នុងបេសកម្មលើសេវាសុខភាពសាធារណៈនៅខេត្តព្រះសីហនុ។
អគារព្យាបាលអ្នកជំងឺកូវីដ១៩នេះ គឺជាសមិទ្ធផលថ្មីមួយទៀតក្នុងចំណោមសមិទ្ធិផលថ្មីៗជាច្រើនដូចជា មន្ទីរពិសោធន៍រកមេរោគកូវីដ-១៩, អគារព្យាបាលជំងឺកូវីដ-១៩ សម្រាប់ពិរុទ្ធជន និងកន្លែងផលិតអុកស៊ីសែនជាដើម។
សូមបញ្ជាក់ថា អគារសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩នេះ មានកម្ពស់០១ជាន់ ទំហំ ៣៣ម៉ែត្រ គុណ ៩០ម៉ែត្រ ធ្វើពីគ្រឹះសសរបេតុង ដំបូលប្រក់ស័ង្កសី គ្រោងចំណាយថវិកាប្រមាណ ៧០ម៉ឺនដុល្លារ ដែលជាថវិកាចូលរួម ពីសប្បុរសជន ដោយប្រើប្រាស់រយៈពេលសាងសង់ ៣ខែប៉ុណ្ណោះ។ អគារព្យាបាលនេះអាចដាក់គ្រែសម្រាប់ ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលបានចំនួន ៣៥៦គ្រែ (គ្រែ០១ជាន់ ) ឬអាចបានចំនួន ៧១២គ្រែ ប្រសិនប្រើគ្រែ០២ជាន់។
សម្រាប់អគារសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩នេះ បច្ចុប្បន្ននេះមានសប្បុរសជនចាប់ផ្តើមឧបត្ថម្ភបានមួយចំនួនដូចជា៖ លោក សាយ សំអាល់ ឧបត្ថម្ភ១០ម៉ឺនដុល្លារ, លោកឧកញ៉ា លី គួង ឧបត្ថម្ភ៥ម៉ឺនដុល្លារ, លោកឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភ៥ម៉ឺនដុល្លារ, លោកឧកញ៉ា លាង ឃុន ឧបត្ថម្ភ ដែក១៦លី ចំនួន១៤,៦៥តោន, ដែក១២លី ចំនួន៤,៩២តោន និងលោក សាន ហេង ឧបត្ថម្ភ៥ម៉ឺនដុល្លារ៕