(ជប៉ុន)៖ លោក Terry Gou ប្រធានក្រុមហ៊ុន Foxconn Technology Group បានប្រកាសឲ្យដឹងថា ក្រោយពីកិច្ចចរចាអស់រយៈពេលជាច្រើនថ្ងៃមក នៅពេលនេះ Foxconn សម្រេចចិត្តទិញយកក្រុមហ៊ុនបច្ចេកវិទ្យា Sharp ក្នុងចំណែកភាគហ៊ុនដ៏ធំ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bloomberg ចេញផ្សាយនៅមុននេះបន្ដិច នាថ្ងៃទី៣០ ខែមីនា។
យោងតាមសេចក្ដីប្រកាសបានឲ្យដឹងថា ក្រុមហ៊ុន Foxconn នឹងទិញយកភាគហ៊ុនរបស់ Sharp ចំនួន ៦៦ភាគរយ ប៉ុន្តែមិនបានបញ្ជាក់ថា ទិញក្នុងតម្លៃប៉ុន្មាននោះទេ ខណៈដែលប្រភពព័ត៌មានជិតស្និទ្ធបានលួយបង្ហើបឲ្យដឹងថា ការទិញលក់នេះ មានតម្លៃមិនក្រោម ២ពាន់លានដុល្លារអាមេរិកនោះទេ។
លោក Gou បានបញ្ជាក់ថា ក្រុមហ៊ុនទាំងពីរ នឹងប្រកាសលទ្ធផលនៃការទិញលក់ជាផ្លូវការ នៅក្នុងពេលឆាប់ៗនេះ ព្រោះថានៅពេលនេះ សមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនទាំងពីរ កំពុងតែពិភាក្សាទៅលើលក្ខណៈមួយចំនួនទៀត។
គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន Foxconn ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Hon Hai Precision Industry Co និងជាក្រុមហ៊ុនផ្គត់ផ្គង់ធំបំផុតរបស់ Apple ក្នុងការផលិត iPhone, iPad និង Mac ជាដើម៕