(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំ ស្ដីពីវិធានការបន្ទាន់ដើម្បីត្រួតពិនិត្យ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺដំពកស្បែកសត្វគោ ក្របី ដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរព័ត៌មានខេត្ត ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹករងខេត្ត លោកអភិបាលក្រុងស្រុកទាំង៨។
ជំងឺដុំពកស្បែកសត្វគោក្របី គឺជាជំងឺបង្កដោយវីរុស បច្ចុប្បន្នកំពុងរីករាលដាលនៅតាមបណ្ដាខេត្តជាច្រើន នៅក្នុងប្រទេសកម្ពុជាដោយឡែកខេត្តស្វាយរៀង គិតពីខែមិថុនា រហូតដល់ខែសីហា ឆ្នាំ២០២១នេះ សត្វឈឺជំងឺដុំពកស្បែក មានប្រមាណជាង១ពាន់ក្បាល ហើយនៅតាមបណ្ដាក្រុងស្រុកចំនួន៧ ដែលជាសញ្ញាហានិភ័យខ្ពស់នៃការឆ្លងរាលដាលនៅក្នុងលក្ខណៈទ្រង់ទ្រាយធំដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់គ្រួសារកសិករចិញ្ចឹមសត្វ និងសេដ្ឋកិច្ចរបស់ខេត្ត។
ជំងឺបើតាមសេចក្តីណែនាំបានឱ្យដឹងថា ដុំពកស្បែកគោក្របីនេះ កើតឡើងដោយមានលេចចេញនូវរោគសញ្ញាសំខាន់ៗមួយចំនួនដូចជា៖ មានដុំពកតូចជាច្រើននៅលើស្បែកនៃដងខ្លួនសត្វ កញ្ចឹងកច្រមុះ ក្រអូមមាត់ ប្រដាប់ភេទ កន្សោមដោះ និងកំដៅខ្លួនសត្វអាចឡើងដល់៤១អង្សាសេ ដុំពកនេះអាចបង្កទៅជាក្រមរហើយអាចបង្កទៅជាដំបៅចំពោះសត្វឈ្មោលអាចបាត់បង់សមត្ថភាពបង្កកំណើត បើកើតលើមេផើមអាចរលូតកូនជំងឺនេះនឹងធ្វើឱ្យសត្វងាប់ភាគច្រើនចំពោះសត្វគោ ក្របី ដែលខ្សោយជាពិសេសកូនសត្វតូចៗជាទូទៅអត្រាសត្វឈឺពី ៥-៤៥% អត្រាសត្វងាប់តិចជាង ១០%។
មេរោគនេះអាចឆ្លងពីសត្វមួយទៅសត្វមួយទៀត តាមរយៈការប៉ះពាល់ផ្ទាល់ពីសត្វដោយប្រយោល តាមរយៈភ្នាក់ងារចម្លងរោគ ពពួកសត្វបឺតជញ្ជក់ឈាមដូចជា៖ រុយ មូស កង្កែប តាបោម មធ្យោបាយដឹកជញ្ជូនចំណីសត្វទឹកមេជីវិតបង្កក បរិស្ថាន និងភ្នាក់ងារចម្លងផ្សេងៗទៀត។
មេរោគបង្កជំងឺនេះ មានភាពធន់នៅក្នុងបរិស្ថានអាចរស់នៅក្នុងក្រមរស្បែកស្ងួតរហូតដល់ទៅ៣ខែ និងរហូតដល់ ៦ខែ ក្នុងទ្រុងសត្វកខ្វក់ និងគ្មានពន្លឺចេញចូលគ្រប់គ្រាន់មេរោគនេះអាចរស់នៅក្នុង PH ពី៦.៣ ទៅ៨.៣ ហើយនឹងងាយងាប់ដោយពន្លឺថ្ងៃ ជាតិអាស៊ីត ជាតិបាសខ្ពស់ និងបញ្ឈប់សកម្មភាពនៅសីតុណ្ហភាពចាប់ពី៥៥អង្សាសេឡើង ទៅនឹងងាយកម្ចាត់ដោយសារទឹកសាប៊ូ។
ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺខាងលើឱ្យមានប្រសិទ្ធភាពរដ្ឋបាលខេត្តស្វាយរៀង សូមធ្វើការណែនាំដល់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរព័ត៌មានខេត្ត ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹករងខេត្ត លោកអភិបាលក្រុងស្រុកទាំង៨ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តវិធានការជាក់លាក់មួយចំនួនដូចខាងក្រោម៖
* ទី១៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្រូវបន្តជំរុញការអនុវត្តវិធានការចាំបាច់ និងបន្ទាន់នានាដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺដុំពកស្បែកគោ ក្របីដោយត្រូវធ្វើការតាមដានស្រាវជ្រាវយ៉ាងម៉ត់ចត់ និងជាប្រចាំលើសុខភាពសត្វគោក្របីនៅទូទាំងខេត្ត និងត្រូវអនុវត្តវិធានការជីវសុវត្ថិភាពអនាម័យនៅគ្រប់ទីកន្លែងចិញ្ចឹមសត្វកន្លែងប្រមូលផ្ដុំសត្វគោក្របី និងទីផ្សារគោក្របីជាមួយគ្នានេះក៏ត្រូវពង្រឹងការត្រួតពិនិត្យអនាម័យសត្វនិងផលិតផលសត្វព្រមទាំងធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយតាមគ្រប់រូបភាពដល់ប្រជាពលរដ្ឋឱ្យមានការយល់ដឹងអំពីជំងឺដុំពកស្បែកគោក្របី និងចូលរួមអនុវត្តវិធានការពារ និងព្យាបាលឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។
* ទី២៖ មន្ទីរកសិកម្មខេត្ត ស្នងការនគរបាលខេត្ត តំបន់ប្រតិបត្តិការសឹករងខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធនៅតាមព្រំដែនត្រូវពង្រឹងការត្រួតពិនិត្យរាល់ការចរាចរសត្វគោក្របីរស់ ទឹកមេជីវិតបង្កក និងផលិតផលសាច់គោក្របីដែលនាំចូលត្រូវមានវិញ្ញាបនបត្រអនាម័យពីប្រទេសនាំចេញ និងស្ថិតនៅក្រោមការត្រួតពិនិត្យសុខភាពសត្វ និងការធ្វើចត្តាឡីស័ក ពីមន្ត្រីជំនាញបសុពេទ្យ។
* ទី៣៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវអប់រំណែនាំដល់ប្រជាពលរដ្ឋភ្នាក់ងារសុខភាពសត្វភូមិ អ្នកចិញ្ចឹមគោក្របីនៅតាមមូលដ្ឋានកន្លែងចិញ្ចឹមនៅតាមកសិដ្ឋានឱ្យធ្វើការថែទាំផ្ដល់ទឹកចំណីតាមដានសុខភាព និងការអនុវត្តវិធានជីវសុវត្ថិភាពឱ្យបានត្រឹមត្រូវតាមបច្ចេកទេស។
* ទី៤៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលក្រុង ស្រុកត្រូវធ្វើការផ្សព្វផ្សាយតាមគ្រប់រូបភាពដល់ប្រជាជន និងអ្នកចិញ្ចឹមគោក្របីឱ្យបានយល់ជ្រួតជ្រាបអំពីផលប៉ះពាល់ និងខូចខាតធ្ងន់ធ្ងរលើផលិតកម្មសត្វផ្នែកសេដ្ឋកិច្ចបណ្ដាលមកពីជំងឺដុំពកស្បែកសត្វគោ ក្របីនេះ។
* ទី៥៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងមន្ទីរព័ត៌មានខេត្ត ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយជូនដល់ប្រជាកសិករ និងអ្នកពាក់ព័ន្ធតាមវិទ្យុរបស់ខេត្តអំពីខ្លឹមសារនូវសេចក្តីណែនាំនេះ និងអត្ថបទបច្ចេកទេសស្ដីពីវិធានការការពារ និងព្យាបាលជំងឺដុំពកគោក្របី។
* ទី៦៖ អាជ្ញាធរគ្រប់លំដាប់ថ្នាក់មន្ទីរ អង្គភាពពាក់ព័ន្ធត្រូវរួមគ្នាពិនិត្យ និងរកដំណោះស្រាយនូវរាល់បញ្ហា ដែលធ្វើឱ្យរាំងស្ទះដល់ការអនុវត្តនូវសេចក្តីណែនាំនេះព្រមទាំងផ្ដល់ព័ត៌មាន ជូនរដ្ឋបាលខេត្តតាមគ្រប់មធ្យោបាយសំដៅពិនិត្យ និងរកដំណោះស្រាយឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕