(ភ្នំពេញ)៖ ពលរដ្ឋមួយគ្រួសារ រស់នៅភូមិបាយ៉ាបសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ បានចោទមន្រ្តីយោធាស័ក្តិ៤ម្នាក់ ឈ្មោះ លី សឹង និងអាជ្ញាធរមូដ្ឋានថា បានរួមគំនិតគ្នា ប្រើល្បិចរំលោភយកដីធ្លីអាស្រម ទូលព្រះជិនស្រី ។ ការចោទប្រកាន់នេះ បន្ទាប់ពីពួកគាត់រងគ្រោះ នូវអំពើអយុត្តធម៌ថា មន្រ្តីយោធាស័ក្តិ៤ឈ្មោះ លី សឹង ដែលត្រូវជាប្អូនបង្កើត ម្ចាស់កម្មសិទ្ធិដី គឺអ្នកស្រី កែវ មុន្នីចិន្តា បានប្រើអំណាច និងយកឈ្មោះមន្រ្តីធំៗមួយចំនួន មកសំអាងនៅពីក្រោយខ្នង ព្រមទាំងប្រើល្បិចឃុបឃិត គ្នាជាមួយអាជ្ញាធរ បំពាន ប្លន់យកដីរបស់ពួកគាត់។
គ្រួសារស្រ្តីមេម៉ាយវ័យចំណាស់ មានកូនក្នុងបន្ទុក៤នាក់ ដែលអះអាងថា រងនូវអំពើអយុត្តិធម៌អ្នកស្រី កែវ មុន្និចិន្តា បានអំពាវនាវស្វែងរក កិច្ចអន្តរាគមន៍ ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងស្ថាប័នពាក់ព័ន្ធនានា បន្ទាប់ពីមន្រ្តីយោធាស័ក្តិ៤ឈ្មោះ លី សឹង ត្រូវជាប្អូនប្រុសបង្កើត បានប្រើអំណាចឃុបឃិតគ្នា ជាមួយអាជ្ញាធរមូលដ្ឋាន មានចេតនារៀបចំឯកសារ រំលោភដីអាស្រមរបស់គាត់។
អ្នកស្រី កែវ មុន្នីចិត្តា អាយុ៦២ ឆ្នាំ បានអះអាងប្រាប់ឲ្យដឹងថា ដីទំនាស់ដែលមានទំហំ១៣១ ៨៣ ម៉ែត្រការ៉េខាងលើនេះ គឺប្តីរបស់អ្នកស្រី ឈ្មោះលោកតា សំ ម៉េន បានទិញ តាំងពីឆ្នាំ១៩៩០មកម្ល៉េះ ហើយបន្ទាប់ពីគាត់ និងប្តីគឺលោកតាសំ ម៉េន ទិញបានរយៈពេល២ឬ៣ឆ្នាំ ក៏នាំគ្នាចាប់ផ្តើមចូលមករស់នៅ លើដីនេះ និងបានចាប់ផ្តើមសាងសង់ធ្វើជាកន្លែងអាស្រម ដើម្បីទុកជាទីសក្ការៈគោរពបូជា ដែលមានរូបសំណាក់ព្រះបដិមាករ និង ព្រះនរាយជាដើម….។ អំឡុងពេលកំពុងសាងសង់ ដោយមើលឃើញ ពីភាពខ្វះខាតនិងក្តីអាណិត សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តព្រឹទ្ធបណ្ឌិត សម្តេចទាំងពីរកាលនោះក៏បាន ឧបត្ថម្ភស៊ីម៉ង់ចំនួន១០០ តោន ដើម្បីបន្តការងារសាងសង នៅទីកន្លែងនោះ។
អ្នកស្រី កែវ មុន្នីចិន្តា បាននិយាយថា ដីទួលព្រះជិនស្រីនេះ លោកតា សំ ម៉េន ត្រូវជាប្តីរបស់គាត់ បានទិញពីម្ចាស់ដើមចំនួន៤ទៅ៥ម្ចាស់ ដែលមានលិខិតទិញលក់ផ្ទេរសិទ្ធិត្រឹមត្រូវ និងមានការដឹងឮស៊ីញ៉េ ផ្តិតមេដៃ ពីសំណាក់លោកមេភូមិបាយ៉ាបសព្វថ្ងៃ ឈ្មោះ មុយ ជា ព្រមទាំងម្ចាស់ ដើមនិងមានសាក្សី ដឹងឮទៀតផង។ ប៉ុន្តែនៅឆ្នាំ២០១៣ ក្រោយពេលដែលប្តីរបស់គាត់ លោកតា សំ ម៉េន ស្លាប់ទៅ ក៏ត្រូវប្អូនប្រុសឈ្មោះ លី សឹង ជាមន្រ្តីយោធាស័ក្តិ៤ នៅខេត្តកោះកុង ចាប់ផ្តើមបង្កបញ្ហាប្រើអំណាច និងយកឈ្មោះអ្នកធំមកគំរាមកំហែង សំឡុតចង់បានដីរបស់គាត់ ពាក់កណ្តាលដោយមានការឃុបឃិតគ្នា ជាមួយអាជ្ញាធមូលដ្ឋាន រហូតដល់ថ្នាក់មន្ទីរសុរិយោដី ដើម្បីបានកម្មសិទ្ធិកាន់កាប់ដី ខាងលើនេះពាក់កណ្តាល។
ក្រុមគ្រួសាររបស់អ្នកស្រី កែវ មុន្នីចិន្តា បានបន្តថា រាល់ពេល ចាប់តាំងពីមានទំនាស់ឈ្មោះ លី សឹង តែងប្រើគ្រប់វិធីសាស្រ្ត ដើម្បីឲ្យពួកគាត់សម្រុះសម្រួល ផ្តិតមេដៃ ផ្ទេរកម្មសិទ្ធិដីពាក់កណ្តាលទៅឲ្យខ្លួន។ ដោយឡែក អាជ្ញាធរមូលដ្ឋាន ដែលធ្លាប់ស៊ីញ៉ែ ដឹងឮលើកម្មសិទ្ធិដី ដែលពួកគាត់ទិញ កាលពីឆ្នាំ១៩៩០នោះ ក៏ស្រាប់តែមានការរួមគំនិតចូលជើងគ្នា ជាមួយប្អូនប្រុសគាត់ ឈ្មោះលី សឹង ហើយមិនត្រឹមតែមិនជួយ ដោះស្រាយវិវាទដីធ្លីនោះទេ ថែមទាំងជួយជ្រោមជ្រែង ឲ្យលោក លី សឹង ដើម្បីបានកាន់កាប់ដី នៅតំបន់នោះ ដោយស្របច្បាប់ទៀតផង។
អ្នកស្រី កែវ មុន្នីចិន្តា បានរៀបរាប់ទៀតថា បន្ទាប់ពីការដោះស្រាយ នៅត្រឹមថ្នាក់ភូមិ ឃុំ មិនបានលទ្ធផលផ្លែផ្កានោះ ឈ្មោះ លី សឹង ក៏បានប្ដឹងបន្តឡើងទៅ មន្ទីរសុរិយោដី ដោយមានការចូលរួមគំនិត ពីសំណាក់មេភូមិបាយ៉ាប ឈ្មោះ មុយ ជា ក្នុងការបំភ្លៃឯកសារខ្លះៗ ដើម្បីឲ្យឈ្មោះ លី សឹង បានបន្តធ្វើកិច្ចការនេះ។ ជាលទ្ធផលក្រោយពីមានបណ្តឹង ខាងមន្ទីសុរិយោដី ក៏បានចេញសេចក្តីសម្រេចមួយ ដោយកាត់សេចក្តីឲ្យឈ្មោះ លី សឹង មានសិទ្ធិកាន់កាប់ដីនេះ ពាក់កណ្តាល ។
អ្នកស្រីបានបន្ថែមថា ដោយកើតក្តីមិនសុខចិត្ត ព្រោះតែអំពើរអយុត្តិធម៌ ដែលបានកាត់សេចក្តីសម្រេច ឲ្យបែងចែកទំហំដីពាក់កណ្តាល ទៅឲ្យប្អូនប្រុសជាមន្រ្តីយោធាឈ្មោះ លី សឹង ទាំងបុគ្គលនេះ គ្មានជាប់ពាក់ព័ន្ធ ជាមួយដីនេះអ្វីបន្តិចនោះ ពោលសូម្បីតែឯសារកម្មសិទ្ធិ កាន់កាប់ឬទិញពីភាគីម្ចាស់ដើមក៏គ្មានផង ទើបក្រុមគ្រួសារអ្នកស្រី បានដាក់ពាក្យប្តឹងជំទាស់ សេចក្តីសម្រេចនេះ ហើយអំពាវនាវសុំការជួយអន្តរាគមន៍ រកយុត្តិធម៌ ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មេត្តាជួយពិនិត្យជម្រុញ ឲ្យមន្រ្តីស្ថាប័នពាក់ព័ន្ធ សើរើរឿងនេះជាថ្មីឡើងវិញ ព្រោះដីខាងលើនេះ ជាកម្មសិទ្ធិទិញស្របច្បាស់ របស់គ្រួសារគាត់។ ប៉ុន្តែដោយមានអំណាចប្អូនប្រុសគាត់ ឈ្មោះ លី សឹង បែរជាមិនជួយការពារគាត់ បែរជាសំឡុតគំរាមកំហែង រំលោភចង់យកដីពីគាត់ទៅវិញ។
ជុំវិញរឿងរ៉ាវទំនាស់ដីធ្លី រវាងមន្រ្តីយោធាស័ក្តិ៤ ជាមួយអ្នកស្រី កែវ មុន្នីចិន្តា ខាងលើនេះ Fresh News បានព្យាយាមទំនាក់ទំនង តាមទូរស័ព្ទ ដើម្បីសួរនាំពីលោក លី សឹង កាលពីព្រលប់ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ប៉ុន្តែទូរស័ព្ទរបស់លោក ត្រូវស្រ្តីម្នាក់ដែលអះអាងថា ត្រូវជាប្រពន្ធទទួលជំនួស ហើយប្រាប់ប្តីរបស់ខ្លួន ឈ្មោះលោក លី សឹង មិនបាននៅជាមួយខ្លួននោះទេ ដោយជាប់ចុះទៅបំពេញភារកិច្ច រយៈពេលមួយសប្តាហ៍ ទើបត្រឡប់មកវិញ។
ដោយឡែកលោក មុយ ជា មេភូមិបាយ៉ាប កាលពីរសៀលថ្ងៃទី២៩ ខែមីនា ក៏មិនអាចស្វែងរកការបំភ្លឺ តាមទូរស័ព្ទបាននៅឡើយទេ ព្រោះលេខទូរស័ព្ទរបស់លោក មិនអាចធ្វើការទំនាក់ទំនងបាន៕