(បាងកក, ថៃ)៖ លោកបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ បានស្នើថៃ ផ្តល់អាហារូបករណ៍ជូននិស្សិត និងមន្ត្រីកម្ពុជា លើជំនាញទេសចរណ៍ឱ្យបានកាន់តែច្រើនថែមទៀត ដើម្បីជួយអភិវឌ្ឍន៍លើវិស័យទេសចរណ៍របស់កម្ពុជាឱ្យកាន់តែប្រសើរ។
សំណើរបស់លោកបណ្ឌិត សុខ សុក្រឹត្យា បានធ្វើឡើងក្នុងពេលរូបលោកចូលជួបពិភាក្សាការងារជាមួយ លោកស្រី Kalaya Sophonpanich អនុរដ្ឋមន្ត្រីក្រសួងអប់រំថៃ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។ ជំនួបនេះ ធ្វើឡើងដើម្បីពង្រឹងទំនាក់ទំនងក្នុងវិស័យអប់រំ ជាពិសេសផ្នែកទេសចរណ៍ ទាំងក្នុង និងក្រោយដំណាក់កាលជំងឺកូវីដ-១៩។
ក្នុងជំនួបនោះ លោកបណ្ឌិត សុខ សុក្រឹត្យា បានជម្រាបលោកស្រីអនុរដ្ឋមន្ត្រីអប់រំថៃ ពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាព ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច-សង្គម។ ជាពិសេស ការកសាងខឿនសុខមាលភាពយ៉ាងរឹងមាំ ជូនប្រជាពលរដ្ឋ និងជនបរទេសរស់នៅក្នុងប្រទេសកម្ពុជា ដោយសម្រេចបានការចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន ជាង ៩០% នៃចំនួនប្រជាជនគោលដៅ ១០លាននាក់ គិតត្រឹមថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។
លោកបណ្ឌិត ក៏បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលថៃ និងម្ចាស់ក្សត្រី មហាចក្រី សុរិន្ទថន ដែលបានយកចិត្តទុក្ខដាក់ក្នុងការលើកកម្ពស់ធនធានមនុស្សនៅកម្ពុជា តាមរយៈការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាជាច្រើននាក់ ចាប់ពីថ្នាក់មធ្យមសិក្សារហូតដល់ឧត្តមសិក្សា និងបានអនុញ្ញាតឲ្យនិស្សិតដែលកំពុងសិក្សានៅប្រទេសថៃបានបន្តស្នាក់នៅប្រទេសថៃប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាព និងការផ្តល់វ៉ាក់សាំងការពារកូវីដ-១៩ ដោយឥតគិតថ្លៃផងដែរ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា បានលើកជាសំណើទៅកាន់លោកស្រីអនុរដ្ឋមន្ត្រីអប់រំថៃ ពាក់ព័ន្ធការផ្តល់អាហារូបករណ៍ដល់សិស្ស និស្សិត និងមន្ត្រីរាជការកម្ពុជាលើជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច។
លោកបានលើកឡើងថា បច្ចុប្បន្នធនធានមនុស្សក្នុងវិស័យទេសចរណ៍នៅកម្ពុជា មានចំនួនតិចតួច ហើយអាចប្រឈមការខ្វះខាតនៅពេលតម្រូវការធនធានមនុស្សលើវិស័យនេះ នឹងកាន់តែច្រើនឡើងនាពេលអនាគត ដោយសារវិស័យទេសចរណ៍កម្ពុជាកាន់តែរីកចម្រើន និងសន្ទុះវិនិយោគលើផលិតផលទេសចរណ៍ថ្មីៗកាន់តែច្រើន ដែលជាហេតុនាំឱ្យកម្ពុជាត្រូវត្រៀមខ្លួន ឈានឆ្ពោះទៅរកការធ្វើកំណែទម្រង់ស៊ីជម្រៅនៃវិស័យទេសចរណ៍ឲ្យបានទាន់បរិបទសកល។
ក្នុងឱកាសនោះ លោកស្រីអនុរដ្ឋមន្ត្រីអប់រំថៃ បានកោតសរសើរសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានដឹកនាំប្រទេសប្រកបដោយទស្សនវិស័យវែងឆ្ងាយ នាំឱ្យកម្ពុជាមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យដូចបច្ចុប្បន្ន ដែលពុំមានថ្នាក់ដឹកនាំណាអាចប្រៀបផ្ទឹមបានឡើយ។
ការលើកឡើងបែបនេះ ដោយសារតែលោកស្រី គឺជាអ្នកនយោបាយជើងចាស់មួយរូប និងបានដឹងយ៉ាងច្បាស់អំពីកិត្តិនាមរបស់សម្តេចតជោនាយករដ្ឋមន្ត្រី។ លោកជំទាវ ក៏បានផ្តាំផ្ញើការសួរសុខទុក្ខសម្តេចតេជោ តាមរយៈលោកបណ្ឌិត សុខ សុក្រឹត្យា ផងដែរ។
ជាការឆ្លើយតបទៅនឹងសំណើរបស់របស់លោក សុខ សុក្រឹត្យា, លោកស្រីអនុរដ្ឋមន្ត្រីអប់រំថៃ បានសន្យាបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អទាំងបច្ចុប្បន្ន និងទៅអនាគតលើការបណ្តុះបណ្តាលធនធានមនុស្សរវាងប្រទេសទាំងពីរ។ ជាពិសេសការរួមគ្នាជំរុញ និងបង្កើនធនធានមនុស្សក្នុងវិស័យទេសចរណ៍ ដោយលោកស្រី នឹងពាំនាំសំណើនេះទៅពិភាក្សាជាមួយថ្នាក់ដឹកនាំនៃក្រសួងអប់រំថៃ លើគម្រោងផ្តល់អាហារូបករណ៍កម្រិតឧត្តមសិក្សាបន្ថែមទៀត ដល់សិស្ស និស្សិត និងមន្ត្រីរាជការកម្ពុជា៕