(ប៉ៃលិន)៖ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ទីស្នាក់ការប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន បានរៀបចំពិធីប្រកាសតែងតាំងមុខតំណែង និងផ្ទេរភារកិច្ចនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែន អន្តជាតិព្រំក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករងអន្តោប្រវេសន៍ និងលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីគណៈប្រតិភូអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មន្រ្តីចំណុះនាយកដ្ឋានច្រកទ្វារទី១ និងគ្រប់បណ្តាអង្គភាពពាក់ព័ន្ធក្នុងខេត្ត ព្រមទាំងភាគីថៃជាមិត្តផងដែរ។
បើតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ផាត សុផាន់ណា ត្រូវបានប្រកាសតែងតាំងជានាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ជំនួសលោកវរសេនីយ៍ឯក ផាត់ វីរៈ ដែលត្រូវទៅកាន់តំណែងថ្មី ជានាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិដូង ខេត្តបាត់ដំបង។
ថ្លែងក្នុងពិធីប្រកាស់ចូលកាន់មុខតំណែងនាឱកាសនោះ លោកស្រី បាន ស្រីមុំ បានផ្តាំផ្ញើដល់លោកនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ថ្មី ត្រូវរក្សាឲ្យបានល្អនូវក្រមសិលធម៌ វិជ្ជាជីវ: ក្នុងនាមជាថ្នាក់ដឹកនាំ ដោយមានសាមគ្គីភាពផ្ទៃក្នុង និងត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះការងារ ដែលថ្នាក់ដឹកនាំបានប្រគល់ជូន និងបន្តគោរព ព្រមទាំងអនុវត្តន៍ឲ្យបាននូវគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ជាពិសេសត្រូវជំរុញការផ្តល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិ ឲ្យបានកាន់តែល្អប្រសើរឡើង ដោយប្រកាន់ខ្ជាប់នូវអភិក្រមទាំង៥ របស់សម្តេចតេជោ ហ៊ុន សែន គឺ «ឆ្លុះកញ្ចក់ មុជទឹក ដុសក្អែល ព្យាបាល និងវះកាត់»។
នាយឧត្តមសេនីយ៍ ឃុន សំបូរ បានលើកឡើងថា មន្ត្រីនគរបាលអន្តោប្រវេសន៍ទាំងអស់ ត្រូវតែស្វែងយល់អំពីតួនាទី ភារកិច្ច និងសិទ្ធិរបស់ខ្លួន នៅក្នុងក្របខណ្ឌមន្រ្តីនគរបាលអន្តោប្រវេសន៍ ដែលបានបំពេញបេសកកម្មការងារ នៅតាមគោលដៅច្រកទ្វារព្រំដែនអន្តរជាតិ ដូចជា៖ ការត្រួតពិនិត្យលិខិត ឯកសារអ្នកធ្វើដំណើរឆ្លងកាត់ព្រំដែន និងខិតខំធ្វើការស្វែងយល់នូវឯកសារច្បាប់ផ្សេងៗទៀត ដែលមានការពាក់ព័ន្ធ ព្រមទាំងមានការទំនាក់ទំនង កិច្ចសហការជាមួយស្ថាបននានា ដែលបានឈរជើងនៅច្រកទ្វារព្រំដែនអន្តរជាតិ ក៏ដូចជាប្រទេស ដែលមានព្រំដែនជាប់គ្នា ដើម្បីសម្រួលនូវភាពងាយស្រួលដល់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិ ឆ្លងកាត់ព្រំដែន និងការធ្វើពាណិជ្ជកម្មទៅវិញទៅមក។
នាយឧត្តមសេនីយ៍ បានជំរុញដល់កម្លាំងនគរបាលអន្តោប្រវេសន៍ទាំងអស់ ត្រូវយកចិត្តដាក់ចំពោះការងារត្រួតពិនិត្យមុខសញ្ញា និងបទល្មើសឆ្លងដែននានា ព្រមទាំងត្រូវពង្រឹងបន្ថែមលើការងារការពារសណ្ដាប់ធ្លាប់ សន្តិសុខជូនដល់ប្រជាពលរដ្ឋ នៅតាមបណ្ដោយព្រំដែន ឲ្យបានតឹងរឹងបំផុត ជាពិសេសការចូលរួមទប់ស្កាត់ការចម្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ ពីក្រៅប្រទេស៕