(ភ្នំពេញ)៖ នៅថ្ងៃនេះសហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានចុះហត្ថលេ ខាផ្តល់ថវិកា៣៥លានដុល្លារ ដល់កម្ពុជា ដើម្បីលើកម្ពស់វិស័យសុខាភិបាល ការអប់រំ កសិកម្ម និងបរិស្ថាន។
ពិធីចុះហត្ថលេខាផ្តល់ និងទទួលថវិកាជំនួយនៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦នេះ ធ្វើឡើងរវាងឧបនាយករដ្ឋមន្រ្តីអចិន្ត្រៃយ៍ គាត ឈន អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី Rebecca Black ប្រធានទីភ្នាក់ងារ USAID ប្រចាំនៅកម្ពុជា។ នៅក្នុងពិធី ក៏មានការអញ្ជើញជាសាក្សី ពីឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសកម្ពុជា លោក William A. Heidt ផងដែរ។
យោងតាមស្ថានទូតអាមេរិក បានឲ្យដឹងថា ថវិកា ដែល USAID ចុះហត្ថលេខាផ្តល់ជូនកម្ពុជានៅថ្ងៃនេះ គឺជាថវិកាដំបូង ក្នុងកញ្ចប់ថវិកាប្រមាណ១៣៧លានដុល្លារ សម្រាប់រយៈពេល៣ឆ្នាំ ក្នុងការទ្រទ្រង់អាទិភាពរបស់រដ្ឋាភិបាលកម្ពុជា ទៅលើវិស័យសុខាភិបាល ការអប់រំ កសិកម្ម និងបរិស្ថាន។
ស្ថានទូតអាមេរិកបន្តថា ការផ្តល់ជំនួយនេះ នឹងជួយដល់យុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយកែលំអគុណភាព នៃការថែទាំសុខភាព លើកកម្ពស់អាហារូបត្ថម្ភសម្រាប់មាតា និងកុមារ បង្កើនទីផ្សារ និងផលិតកម្មកសិកម្ម ការពារធនធានធម្មជាតិ របស់កម្ពុជា ហើយក៏ជួយសិស្សកម្ពុជា ក្នុងការរៀនអានផងដែរ៕