(ភ្នំពេញ)៖ រដមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ បានគូសរំលេចថា វេទិកា «សេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១» ដែលរៀបចំដោយប្រទេសកម្ពុជា គឺជាឱកាសដ៏ល្អមួយសម្រាប់ឱ្យអ្នកធ្វើធុរកិច្ចនៅអាស៊ី និងអឺរ៉ុប ទាក់ទងគ្នា បើកផ្លូវលើការរកស៊ីរបស់ពួកគេ។ វេទិកានេះ ក៏ជាឱកាសឱ្យអ្នកនយោបាយក្នុងទ្វីបទាំងពីរ ចូលរួមដោះស្រាយភាពប្រឈមរបស់អ្នកធ្វើធុរកិច្ចផងដែរ។

ក្នុងកិច្ចប្រជុំពិនិត្យលើការងារនានាក្នុងការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកា «វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១» លោក ប៉ាន សូរស័ក្តិ បានឱ្យដឹងថា វេទិកា «សេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១» គឺជាវេទិកាអមមួយក្នុងចំណោមវេទិកាអមទាំង០៧ របស់កិច្ចប្រជុំកំពូល ASEM-13 ដែលក្រសួងពាណិជ្ជកម្មកំពុងត្រៀមរៀបចំ។ វេទិកានេះ នឹងត្រូវរៀបចំឡើងនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ តាមរយៈប្រព័ន្ធវីឌេអូ។

សម្រាប់លោក ប៉ាន សូរស័ក្តិ វាទិកានេះមានសារសំខាន់ណាស់សម្រាប់អ្នកធ្វើធុរកិច្ច ក៏ដូចជាម្ចាស់អាជីវកម្មនានា ស្វែងរកឱកាសលើជំនួញ និងការវិនិយោគ។

ក្នុងកិច្ចប្រជុំនៅថ្ងៃទី៣០ ខែសីហា ជាមួយក្រុមការងាររៀបចំវេទិកា លោក ប៉ាន សូរស័ក្តិ បានបញ្ជាក់យ៉ាងដូច្នេះ «វេទិកានេះជាឱកាសសម្រាប់អ្នកដឹកនាំអាជីវកម្មមកពីទ្វីបអាស៊ី និងអឺរ៉ុបធ្វើការទំនាក់ទំនងគ្នារវាងប្រទេសក្នុងទ្វីបទាំងពីរ ក៏ដូចជាចែករំលែក និងពិភាក្សាកិច្ចការ ដែលទាក់ទងលើវិស័យពាណិជ្ជកម្ម និងវិនិយោគ។ វេទិកានេះ ក៏សម្រាប់មេដឹកនាំនយោបាយមកពីទ្វីបទាំងពីរ ចូលរួមដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងអនាគត ក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍនៃបណ្តាប្រទេសទាំងអស់ក្នុងទី្វបទំាងពីរ អាស៊ី-អឺរ៉ុប»

នៅក្នុងកិច្ចប្រជុំម្សិលមិញនេះ លោករដ្ឋមន្ត្រី ក៏បានផ្តល់ឱកាសជូនប្រធានក្រុមការងារនីមួយៗ រាយការណ៍អំពីវឌ្ឍនភាពការងាររបស់ខ្លួនដែលមានដូចជា៖ ក្រុមលេខាធិការដ្ឋាន បានរៀបចំគេហទំព័ររបស់វេទិកា, បានរៀបចំឯកសារពាក់ព័ន្ធ និងជួបជាមួយដៃគូ សហការ, បានរៀបចំអញ្ជើញវាគ្មិន និងភ្ញៀវចូលរួម។

ក្រុមការងារឯកសារ និងផ្សព្វផ្សាយព័ត៌មាន បានរៀបចំឯកសារមួយចំនួនសម្រាប់ដាក់ចូលក្នុងគេហទំព័ររបស់វេទិកា, បានរៀបចំ Concept Note និងកម្មវិធីវេទិកា, និងបានចូលរួមប្រជុំជាមួយក្រុមការងារក្រសួងព័ត៌មានក្នុងការរៀបចំវីដេអូផ្សព្វផ្សាយ។

ក្រុមការងារពិធីការ រៀបចំកន្លែងប្រជុំ ដឹកជញ្ជូន សិល្បៈ និងសន្តិសុខ បានរៀបចំទីតាំងសម្រាប់វេទិកា, រៀបចំគំរូប្លង់ពិធីបើក និងដំណើរការនៃវេទិកា, បានទំនាក់ទំនងជាមួយក្រុមហ៊ុនឯកជនដែលត្រូវរៀបចំប្រព័ន្ធបច្ចេកទេសអ៉ីនធឺណេត, រៀបចំអ្នកបកប្រែ, និងរៀបចំឧបករណ៍វាស់កម្តៅ ម៉ាស និងអាល់កុលលាងដៃ ស្របតាមវិធានការពាររបស់ក្រសួងសុខាភិបាល។

លោករដ្ឋមន្ត្រី ក៏បានណែនាំការងារមួយចំនួនទៀត ហើយបានកោតសរសើរដល់ក្រុមការងារទាំងអស់ ដែលបានខិតខំបំពេញការងារតាមភារកិច្ចរៀងៗខ្លួននាពេលកន្លងមក។ លោករដ្ឋមន្ត្រីពាណិជ្ជកម្ម សង្ឃឹមយ៉ាងមុតមាំថា វេទិកា «សេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១» នឹងដំណើរការទៅមុខបានយ៉ាងរលូន និងទទួលបានជោគជ័យ៕