(សៀមរាប)៖ ភាគីជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ នៃប្រទេសជប៉ុន បានសហការជាមួយរដ្ឋបាលខេត្តរៀមរាប រៀបចំក្រុងសៀមរាប ឱ្យក្លាយទៅជាទីក្រុងឆ្លាតវៃអាស៊ាន។

កិច្ចសហប្រតិបត្តិការនេះ ត្រូវបានធ្វេីឡេីងក្នុងកិច្ចប្រជុំស្តីពីការរៀបចំគម្រោងទីក្រុងឆ្លាតវៃ ក្នុងក្រុងសៀមរាបខេត្តសៀមរាប ដែលបានសហការរៀបចំឡើងដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ នៃប្រទេសជប៉ុន ជាមួយរដ្ឋបាលខេត្តសៀមរាប តាមរយៈប្រព័ន្ធវីដេអូ Zoom នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។ កិច្ចប្រជុំនេះ មានការចូលរួមដោយ លោក ទៀ សីហា អភិបាលខេត្តសៀមរាប លោក លី សំរិទ្ធ អភិបាលរងខេត្ត លោក Asuka Tsuboike តំណាងទីស្នាក់ការកណ្តាលនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំប្រទេសជប៉ុន លោក Kei Masuda ប្រធានលេខាធិការដ្ឋានរដ្ឋមន្រ្តីនៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ នៃប្រទេសជប៉ុន និងតំណាងអាជ្ញាធរជាតិអប្សារា ព្រមទាំងអស់នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាព អាជ្ញាធរក្រុង ទីចាត់ការ អង្គភាពចំណុះសាលាខេត្តជាច្រើននាក់។

លោក ទៀ សីហា បានថ្លែងថា បន្ទាប់ពីក្រុងសៀមរាប ត្រូវបានដាក់បញ្ចូលទៅក្នុងសមាជិកនៃបណ្តាញទីក្រុង ឆ្លាតវៃអាស៊ាន កាលពីឆ្នាំ២០១៨ កន្លងទៅ រដ្ឋបាលខេត្ត សៀមរាប ក៏ដូចជារដ្ឋបាលក្រុងសៀមរាបបានរៀបចំផែនការក្នុងការបង្កើនការចំណាយសាធារណៈវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង ដើម្បីបង្កលក្ខណងាយស្រួលជាមួយប្រតិបត្តិការអន្តរជាតិជប៉ុន (JICA ) និងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន នឹងរដ្ឋបាលខេត្តសៀមរាបនាពេលនេះ។

ជាមួយគ្នានេះដែរ ដើម្បីសម្រេចបាននូវការកសាងទីក្រុងឆ្លាតវៃក្នុងក្រុងសៀមរាប ឱ្យស្របតាមផែនការទីក្រុងឆ្លាតវៃរបស់សមាគមបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន រដ្ឋបាលខេត្តក៏បានរៀបចំជាសំណើ ដើម្បីដាក់ស្នើសុំជូនទៅទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្នុងការស្នើសុំជំនួយកិច្ចសហប្រតិបត្តិការបច្ចេកទេសសម្រាប់រៀបចំទីក្រុងឆ្លាតវៃក្នុងក្រុងសៀមរាប កាលពីឆ្នាំ២០១៩ កន្លងទៅ។ ជាការឆ្លើយតបតាមសំណើស្នើសុំរបស់រដ្ឋបាលខេត្តសៀមរាប ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានទទួលយកសំណើរបស់រដ្ឋបាលខេត្តសៀមរាបរួចហើយ ដើម្បីជួយរៀបចំក្រុងសៀមរាបជាទីក្រុងឆ្លាតវៃអាស៊ាន។

លោកអភិបាលខេត្តបានបន្តទៀតថា តាមរយៈការសិក្សាស្រាវជ្រាវរបស់ក្រុមការងារ JICA ក្នុងរយៈពេលជាងមួយឆ្នាំកន្លងមកនេះ គឺបានរៀបចំជាសេចក្តីព្រាងផែនការចង្អុលផ្លូវសម្រាប់ការកសាងទីក្រុងឆ្លាតវៃក្នុងក្រុងសៀមរាប ហើយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ក៏បានជួយក្នុងការសិក្សាជា ផែនទីចង្អុលផ្លូវសម្រាប់ការកាត់បន្ថយផលប៉ះពាល់នានាដែលបណ្តាលមកពីការឆ្លងរីករាលដាលនៃជំងឺកូវីដនៅក្នុងក្រុងសៀមរាប ក៏ដូចជាខេត្តសៀមរាបផងដែរ។

ការសិក្សាស្រាវជ្រាវរបស់ក្រុមការងារ JICA ក្នុងរយៈពេលជាងមួយឆ្នាំកន្លងមកនេះ គឺផ្តោតការសិក្សាលើគម្រោងចំនួន២ គឺគម្រោងប្រមូល និងវិភាគទិន្នន័យអំពីទីក្រុងឆ្លាតវៃ (Smart City Data Collection and Analysis) និងគម្រោងរៀបចំបណ្តាញកាំមេរ៉ាសុវត្ថិភាពក្នុងក្រុងសៀមរាប (CCTV System Introduction)។

ស្របតាមការស្នើសុំពីខេត្តសៀមរាបនេះ ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន ក៏បានយល់ព្រមធ្វើការគាំទ្រទៅលើសំណើរបស់ខេត្តសៀមរាបនេះ ហើយនឹងចាប់ផ្តើមអនុវត្តកិច្ចការនេះ តាមរយៈការបញ្ជូនក្រុមការងារមកសិក្សាស្រាវជ្រាវ បន្ទាប់ពីភាគីរដ្ឋបាលខេត្តសៀមរាប និងភាគីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ នៃប្រទេសជប៉ុន បានចុះហត្ថលេខាលើកំណត់ហេតុប្រជុំ (Minute of Meeting Mom) នាពេលនេះ ដោយមិនមានការរង់ចាំឡេីយ បើទោះបីជាក្នុងកាលៈទេសៈនៃការរីករាលដាលនៃជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ៕