(ភ្នំពេញ)៖ ពេញមួយសប្តាហ៍នេះ កម្មវិធីស្បៀងអាហារពិភពលោក សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីចែកស្បៀងជូន ដល់ក្រុមគ្រួសារងាយរងគ្រោះចំនួន៣០,០០០គ្រួសារ ដែលក្នុងនោះមានប្រជាពលរដ្ឋសរុបដែលទទួលបានជំនួយនេះ ប្រហែល១៥០,០០០នាក់ នៅក្នុងខេត្តចំនួនប្រាំគឺ សៀមរាប ឧត្តរមានជ័យ កំពង់ធំ កំពង់ឆ្នាំង និង ពោធិ៍សាត់។
ការចែកជំនួយនេះ ប្រព្រឹត្តទៅជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១នេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់កម្មវិធីស្បៀងអាហារពិភពលោក ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែសីហានេះ។
ជំនួយនេះ ផ្តល់ជូនដល់ក្រុមគ្រួសារដែលអាជ្ញាធរកំណត់ថា ជាគ្រួសារងាយរងគ្រោះ មានអត្តសញ្ញាណប័ណ្ណគ្រួសារក្រីក្រ (IDPoor) និងមានកូនចុះឈ្មោះ ចូលរៀននៅតាមសាលា ដែលមានការគាំទ្រពីកម្មវិធីផ្ដល់ស្បៀងអាហារតាមសាលារៀន របស់កម្មវិធីស្បៀងអាហារពិភពលោក និងក្រសួងអប់រំ យុវជន និងកីឡា។
នេះគឺជាការចែកស្បៀងជុំទី៥ ហើយដែលកើតឡើង ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះសម្ព័ន្ធភាពរដ្ឋអនុវត្តកម្មវិធីស្បៀងអាហារ តាមសាលារៀន ដែលបើកដំណើរការ ជាផ្នែកមួយនៃកិច្ចប្រជុំកំពូលប្រព័ន្ធស្បៀងអាហារសកលនៅខែកញ្ញា ឆ្នាំ ២០២១។
សម្ព័ន្ធនេះ មានការចូលរួមពីរដ្ឋាភិបាល អង្គការសហប្រជាជាតិ សង្គមស៊ីវិល គ្រឹះស្ថានអប់រំ អង្គការមនុស្សធម៌ និងវិស័យឯកជនទាំងអស់ដែលទទួលស្គាល់ថា អាហារនៅតាមសាលាមានសារៈសំខាន់ណាស់ ក្នុងការផ្លាស់ប្តូរប្រព័ន្ធអាហារនិងអាច ជួយឲ្យប្រទេសនិមួយៗអាចងើបពីវិបត្តសេដ្ឋកិច្ច-សង្គម ដែលបណ្តាលមកពីជំងឺកូវីដ -១៩ និងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ប្រទេសកម្ពុជាគឺជាប្រទេសមួយ ក្នុងចំណោមប្រទេសចំនួន ៤០ ដំបូងគេបង្អស់ដែលបានចុះឈ្មោះ ចូលរួមក្នុងសម្ព័ន្ធភាពជាប្រវត្តិសាស្ត្រមួយនេះ ដែលអាចជួយការពារកុមារដែលងាយរងគ្រោះបំផុតពីភាពអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភនានា។
លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានថា «អាហារសុខភាពដែលមានជីវជាតិ នៅតាមសាលា អាចជួយបង្កើនការផ្តោតអារម្មណ៍ របស់សិស្ស និងធ្វើឲ្យលទ្ធផលសិក្សារបស់គាត់ កាន់តែល្អប្រសើរឡើង។ វាក៏ជួយសម្រាលបន្ទុកសេដ្ឋកិច្ច របស់ក្រុមគ្រួសារសិស្សផងដែរ។ នេះហើយជាមូលហេតុ ដែលយើងចុះឈ្មោះចូលរួមជាមួយសម្ព័ន្ធភាពមួយនេះ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលយើង ក្នុងការធានាឲ្យបានថា គ្មានកុមារណាម្នាក់ត្រូវបានទុកចោលឡើយ»។
អស់រយៈពេល២០ឆ្នាំមកហើយ កម្មវិធីផ្ដល់ស្បៀងអាហារ តាមសាលារៀនរបស់កម្មវិធីស្បៀងអាហារពិភពលោក បានផ្តល់អាហារបំប៉នសំបូរជីវជាតិ ដល់កុមារនៅសាលាបឋមសិក្សានៅតំបន់ក្រីក្របំផុតមួយចំនួន នៃប្រទេសកម្ពុជា។
មុនពេលមានជំងឺកូវីដ-១៩ កម្មវិធីនេះ បានផ្ដល់នូវអាហារសុខភាព និងមានជីវជាតិដល់កុមារចំនួន ២២៣,០០០នាក់ នៅតាមសាលាគោលដៅចំនួន៩០៨ នៅក្នុង ខេត្តចំនួន៥ ។ ចាប់តាំងពីមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការផ្អាកដំណើរការសាលារៀន សិស្សមិនបានទទួលទានអាហារពេលព្រឹក ដែលមានជីវជាតិទៀតទេ។ បញ្ហានេះ បានជះឥទ្ធិពលជាពិសេស ដល់កុមារមកពីគ្រួសារក្រីក្របំផុត ដែលភាគច្រើនរងការលំបាក ដោយសារការបាត់បង់ចំណូល និងការងារ។
លោកស្រី គ្លែរ កូណាន់ តំណាងកម្មវិធីស្បៀងអាហារពិភពលោកប្រចាំនៅកម្ពុជា បានថ្លែងថា «កម្មវិធីស្បៀងអាហារពិភពលោកដឹងច្បាស់ថា អាហារូបត្ថម្ភល្អ មានសារៈសំខាន់ណាស់ សម្រាប់ការអភិវឌ្ឍរបស់កុមារ នេះហើយជាមូលហេតុ ដែលក្រុមការងាររបស់យើងខិតខំប្រឹងប្រែង ដើម្បី ឲ្យប្រាកដថាកញ្ចប់អាហារទាំងនេះ ទៅដល់ដៃក្រុមគ្រួសារងាយរងគ្រោះ ដើម្បីធានាថាកុមារនឹងមានអាហារទទួលទាន ក្នុងកំឡុងពេលវិបត្តិកូវីដមួយនេះ»៕