(ឧត្តរមានជ័យ)៖ ដោយគោរពតាមគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ដើម្បីរក្សាបានសន្តិសុខសណ្តាប់ធ្នាប់ សង្គមជូនប្រជាពលរដ្ឋនោះ អភិបាលខេត្តឧត្តរមានជ័យ លោក ស ថាវី បានជំរុញឲ្យសមត្ថកិច្ច និងអជ្ញាធរនៅតាមមូលដ្ឋានរួមសហការគ្នាលុបបំបាត់ ឲ្យបាននូវល្បែងស៊ីសងគ្រប់ប្រភេទ និងបទល្មើសផ្សេងៗ។
ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តឧត្តរមានជ័យនាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦នេះ លោក សថាវី បានថ្លែងថា «ល្បែងស៊ីសង គឺជាប្រភពនៃបទល្មើស ដូច្នេះបើយើងចង់លុបបំបាត់បទល្មើសឲ្យទទួលបានជោគជ័យ លុះត្រាតែយើងលុបបំបាត់ល្បែងស៊ីសងជាមុនសិន។ សមត្ថកិច្ច អាជ្ញាធរនៅតាមមូលដ្ឋាន ភូមិ ឃុំ គឺគាត់ដឹងច្បាស់ណាស់ ភូមិគាត់មានអី និងគ្មានអីនោះ ដូច្នេះពីថ្ងៃនេះទៅត្រូវលុបបំបាត់បញ្ហានេះឲ្យបាន ចំណែកអភិបាលរងខេត្ត ដែលទទួលបន្ទុកតាមស្រុកនីមួយៗ ត្រូវចុះពិនិត្យមើលផង»។
ក្រៅពីជំរុញឲ្យសមត្ថកិច្ចលុបបំបាត់ល្បែងស៊ីសង លោក ស ថាវី ក៏បានជំរុញឲ្យសមត្ថកិច្ចលុបបំបាត់គ្រឿងញៀន និងកុងត្រូលជរជុះផងដែរ។
លោក ស ថាវី បានបញ្ជាក់ថា សមត្ថកិច្ចត្រូវយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខឲ្យបានល្អ ដើម្បីបង្ករការសប្បាយដល់ពួកគាត់។ លោកបានធ្វើការផ្តាំផ្ញើឲ្យមន្ត្រីក្នុងខេត្ត ត្រូវចេះសហការសា មគ្គីគ្នា ដែលជាកត្តាជំរុញការងារឲ្យជោគជយ័ដែរ។
ក្នុងកិច្ចប្រជុំនាព្រឹកមិញនេះ លោក ស ថាវី បានប្រគល់លិខិតសរសើរ និងថវិកាមួយចំនួន ដល់អភិបាលក្រុង ស្រុក អធិការក្រុង ស្រុក កងរាជអាវុធហត្ថក្រុង ស្រុក លោកមេឃុំ ចៅសង្កាត់ និងនគរបាលប៉ុស្តិ៍រដ្ឋបាលផងដែរ៕