(ភ្នំពេញ)៖ រថយន្ដក្រុងដឹកអ្នកដំណើររបស់ ក្រុមហ៊ុន ភី.អេស មួយគ្រឿង បានបង្កគ្រោះថ្នាក់ចរាចរណ៍ បើកកៀរទាក់ដៃចង្កូតម៉ូតូ សង់កូរ៉េ១គ្រឿង របស់អ្នកម៉ូតូឌុប អូសប្រហែល៣០ម៉ែត្រ ពេលធ្វើដំណើរស្របទិសគ្នា បណ្ដាលឲ្យជនរងគ្រោះ រងរបួសយ៉ាងធ្ងន់ធ្ងរ បែកសាច់បាក់ដៃខាងឆ្វេង និងត្រូវបានរថយន្ដសាម៊ុយ ដឹកយកទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងនៅវេលាម៉ោង ១០៖១០នាទីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ នៅត្រង់ចំណុច លើកំណាត់ផ្លូវជាតិលេខ៥ ខាងជើងស្ថានីយ៍ទូរទស្សន៍ CTN ក្រុម១៣ ស្ថិតក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ។
មន្ត្រីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឡាយ សុផានណា ស្នាក់នៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ និងជាអ្នក បើកបរម៉ូតូម៉ាកសង់កូរ៉េ១គ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខសេរីចាស់ ភ.ព១ ង.២៥៩៧។ ចំណែករថយន្ដបង្ក ពាក់ស្លាកលេខភ្នំពេញ 2B-9112 ជាប្រភេទរថយន្ដក្រុង ដឹកអ្នកដំណើររបស់ ក្រុមហ៊ុន ភី.អេស ចេញពីភ្នំពេញទៅខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងប៉ោយប៉ែត រីឯតៃកុងរថយន្ដ មិនត្រូវបានស្គាល់ពី អត្តសញ្ញាណ្ណនោះទេដោយបានបើកទ្វាររថយន្ដ រត់គេចខ្លួនបាត់ស្រម៉ោល ទៅហើយ។
មន្ត្រីសមត្ថកិច្ច បានឲ្យដឹងទៀតថា បើតាមសាក្សីដែលនៅកន្លែងកើហេតុបានឲ្យដឹងថា នៅមុនពេល កើតហេតុ គេបានឃើញរថយន្ដក្រុងដឹកអ្នកដំណើរ ពេញរថយន្ដ បានបើកបរចេញពីភ្នំពេញទៅតាមបណ្ដាខេត្ត ក្នុងទិសដៅពីត្បូងទៅជើងក្នុង ល្បឿនលឿន ល្មមស្របទិសគ្នាជាមួយ និងម៉ូតូរងគ្រោះដែលបើកបរនៅចំហៀងខាងស្ដាំដៃ រថយន្ដបង្កលុះមកដល់ចំណុចកើតហេតុ រថយន្ដបង្កបានបើករេចង្កូតមកខាងស្ដាំដៃ ដោយគេចពីរថយន្ដ១គ្រឿង ទៀតដែលបើកបរបញ្ច្រាស់ទិសទើបបណ្ដាលឲ្យប៉ះទាក់ដៃ ចង្កូចម៉ូតូរងគ្រោះដួលអូសទាំងម៉ូតូ និងអ្នកបើកបរចម្ងាយប្រមាណជា៣០ម៉ែត្រ បណ្ដាលឲ្យរងរបួសបែកសាច់បាក់ដៃ ខាងឆ្វេង ទាំងស្រុងចំពោះម៉ូតូត្រូវរងការខូចខាត បន្តិចបន្ទួចតែប៉ុណ្ណោះ។
ដោយឡែក អ្នកបើករថយន្ដបានបើកទ្វាររួចរត់គេចខ្លួនបាត់ស្រម៉ោលទៅ ហើយដោយបន្សល់ទុកនូវរថយន្ដក្រុង១គ្រឿង និងអ្នកដំណើរ ជាច្រើននាក់ បានចុះពីរថយន្ដដើម្បីរកមធ្យោបាយ ធ្វើដំណើរទៅមុខទៀតដោយខ្លួនឯងផងដែរ។
មន្ត្រីសមត្ថកិច្ចបានបញ្ជាក់ថា ក្រោយកើតហេតុភ្លាមៗនោះ ជនរងគ្រោះដែលជាអ្នកបើកបរម៉ូតូ ត្រូវបានរថយន្ដសាម៊ុយរបស់មន្ទីរពេទ្យ កាល់ម៉ែតដឹកយកទៅ សង្គ្រោះបន្ទាន់ភ្លាមៗ ព្រមទាំងធ្វើវាស់វែងដោយយករថយន្ដ បង្កដឹកអ្នកដំណើររបស់ក្រុមហ៊ុន ភី.អេស និងម៉ូតូរបស់ជនរងគ្រោះ ទៅរក្សាទុនៅការិយាល័យចរាចរផ្លូវគោក ដើម្បីរង់ចាំការដោះស្រាយគ្នា តាមផ្លូវច្បាប់នៅពេលក្រោយ៕
Posted by Sheet on Wednesday, March 30, 2016