(ភ្នំពេញ)៖ គម្រោង «យន្ដការផ្សព្វផ្សាយគាំពារសង្គមកម្ពុជា» ត្រូវបានដាក់ដំណើរការជាផ្លូវការហើយ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ ក្រោមការចូលរួមពីលោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម។
គម្រោង «យន្តការផ្សព្ធផ្សាយគាំពារសង្គម» បង្កើតឡើងដោយមានសហការអនុវត្តដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងអង្គការ Oxfam ប្រចាំកម្ពុជា និងដែលគាំទ្រថវិកាដោយទីភ្នាក់ងារ អាល្លឺម៉ង់សម្រាប់ការអភិវឌ្ឍអន្តរជាតិ GIZ។
ពាក់ព័ន្ធជាមួយនឹងការដាក់ដំណើរការគម្រោង «យន្ដការផ្សព្វផ្សាយគាំពារសង្គមកម្ពុជា» នេះលោកបណ្ឌិតក៏បានរំលេចពី សម្ដីរបស់ម្ចាស់ជ័យលាភីរង្វាន់ណូប៊ែលសន្តិភាពឆ្នាំ២០១៦ អតីតប្រធានាធិបតីនៃប្រទេសកូឡុំប៊ី គឺលោក Juan Manuel Santos ថា «បើប្រជាជនមិនមានជំនឿលើគោលនយោបាយទេ ការអនុវត្តគោលនយោបាយនោះ នឹងមិនទទួលបានជោគជ័យឡើយ។ ក្នុងនាមជាអ្នកសម្របសម្រួល គិតគូរ និងរៀបចំធាតុចូល ក៍ដូចជម្រើសគោលនយោបាយគាំពារសង្គម ខ្ញុំយល់ថា ដើម្បីមានជំនឿពីប្រជាជន គោលនយោបាយត្រូវមានគុណភាព ហើយបន្ថែមលើគុណភាព គោលនយោបាយក៏ត្រូវមានភាពជ្រួតជ្រាប និងត្រូវបានយល់ដឹងពីសំណាក់ប្រជាជនផងដែរ។ ការបញ្ជ្រៀប និងបង្កើនការយល់ដឹងអំពីគោលនយោបាយ និងការអនុវត្តគោលនយោបាយនៅក្នុងប្រព័ន្ធគាំពារសង្គម ជាកម្មវត្ថុនៃយន្តការផ្សព្វផ្សាយគាំពារសង្គមដែលដាក់ឱ្យដំណើរការនាព្រឹកនេះ»។
បណ្ឌិត ចន ណារិទ្ធ បានថ្លែងថា ក្រុមប្រឹក្សាជាតិគាំពារសង្គមក្រោមការដឹកនាំ របស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងដោយមានគណៈកម្មាធិការប្រតិបត្តិ និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិ គាំពារសង្គមជាសេនាធិការ បានចាត់ទុកការផ្សព្វផ្សាយជាកត្តាសំខាន់ ហើយក្រោមការចង្អុលបង្ហាញរបស់ក្រុមប្រឹក្សាជាតិ យុទ្ធសាស្រ្តស្តីពីទំនាក់ទំនង និងផ្សព្វផ្សាយត្រូវបានរៀបចំឡើង ដែលសេចក្តីព្រាងត្រូវបានដាក់ជាកម្មវត្ថុនៃកិច្ចពិភាក្សា និងវាយតម្លៃ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ។
យន្តការផ្សព្វផ្សាយគាំពារសង្គមនេះ ជាផ្នែកមួយដ៏សំខាន់នៃការអនុវត្តយុទ្ធសាស្ត្រទំនាក់ទំនង និងផ្សព្វផ្សាយគាំពារសង្គមជារួម យុទ្ធសាស្ត្រនេះមានគោលបំណងជំរុញ ការផ្សព្វផ្សាយសម្រាប់គោលដៅចំនួន៣រួមមាន៖
១៖ ក្រសួង-ស្ថាប័នដៃគូ និងតួអង្គពាក់ព័ន្ធនានាក្នុងប្រព័ន្ធគាំពារសង្គម។
២៖ ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋត្រូវទទួលផលពីរបប និងកម្មវិធីគាំពារសង្គមនានា។
៣៖ សាធារណជន។
លោកបន្ថែមថា យន្តការផ្សព្វផ្សាយគាំពារសង្គមនេះ ផ្តោតលើកិច្ចសហការរវាងគ្រប់ក្រសួង-ស្ថាប័ន ដៃគូ និងតួអង្គពាក់ព័ន្ធនានា ដើម្បីធ្វើសកម្មភាពឆ្ពោះទៅរកក្រុមគោលដៅ ទី២ និងទី៣ ខាងលើ។ ជាយន្តការកំណត់នូវហេដ្ឋារចនាសម្ព័ន និងសមត្ថភាព ក្នុងការបញ្ជូនសារ និងព័ត៌មានពិតពេញលេញ ងាយយល់ និងឆ្លើយតបទៅនឹងគោលបំណង របស់ប្រព័ន្ធដែលផ្តល់ការគាំពារ ដល់ក្រុមប្រជាពលរដ្ឋ និងគ្រួសារគោលដៅនានា ទាំងក្នុងបរិបទនៃរយៈពេលជាប្រក្រតី ក៏ដូចជាក្នុងបរិបទនៃគ្រោះអាសន្ន។
លោកបានបន្ដថា ពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន និងសមត្ថភាពដូចបានបញ្ជាក់ខាងលើ យន្តការនេះប្រើប្រាស់នូវបណ្ដាញផ្សព្វផ្សាយជាតិ ការចូលរួមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន និងជាពិសេសការចូលរួមរបស់បណ្តាអង្គការសង្គមស៊ីវិល និងសមាគមមិនមែនរដ្ឋាភិបាល ដែលធ្វើការងារផ្ទាល់ជាមួយប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋដែលទទួលផលពីរបប និងកម្មវិធីគាំពារសង្គមនានា ដែលនេះជាយន្តការមួយក្នុងចំណោមយន្តការដំបូងៗ ដែលមានមហិច្ឆតា បង្កើតនូវកិច្ចសហការ រវាងតួអង្គពាក់ព័ន្ធទាំងបួនក្រុមនេះ៕