(បន្ទាយមានជ័យ)៖ រដ្ឋបាលក្រុងសិរីសោភ័ណ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ បានច្រានចោលចំពោះសារសំឡេងរបស់ជនអនាមិកមួយចំនួន ដែលបានបំភ្លើសព័ត៌មានមិនពិតថា មានការរើរុះជួស ជុលផ្សារសិរីសោភ័ណ និងជួលតូបក្នុងតម្លៃថ្លៃជាដើម» ដោយមានការចែកចាយសំឡេងតៗគ្នាតាមបណ្ដាញសង្គម។
ករណីនេះរដ្ឋបាលក្រុងសិរីសោភ័ណ កំពុងឱ្យសមត្ថកិច្ចស្រាវជ្រាវរកម្ចាស់សំឡេង និងអ្នកផ្ដើមគំនិតបំផុសព័ត៌មានមិនពិតនោះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ និងសូមច្រានចោលព័ត៌មាននេះទាំងស្រុង។
រដ្ឋបាលក្រុងសិរីសោភ័ណ សូមអះអាងជូនដល់សាធារណៈជន បងប្អូនប្រជាពលរដ្ឋ អាជីវករ ផងដែរថា ផ្សារសិរីសោភ័ណមិនមានការរើរុះ ឬសាងសង់ថ្មីនោះទេ។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណៈជន បងប្អូនប្រជាពលរដ្ឋ អាជីវករ មេត្តាជ្រាប៕