(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ បានផ្ញើសារលិខិតរំលែកមរណទុក្ខ ជូនចំពោះក្រុមគ្រួសារសពអ្នកគ្រូពេទ្យ អ៉ឹម ស្រីនិ ដែលស្លាប់ដោយសារជំងឺកូវីដ១៩។ នេះបើតាមសារលិខិត ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
ក្នុងសារលិខិតរំលែកមរណទុក្ខ បានសរសេរយ៉ាងដូច្នេះថា «យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក នៃក្រសួងសុខាភិបាលទាំងអស់ មានក្តីក្តុកក្ដួលរន្ធត់ចិត្ត ដោយបានទទួលដំណឹងថា កញ្ញា អ៊ឹម ស្រីនិ មន្ត្រីសុខាភិបាល បម្រើការងារនៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ បានទទួលមរណភាព នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១០៖០០នាទីយប់ ក្នុងជន្មាយុ២៨ឆ្នាំ ដោយសារជំងឺកូវីដ-១៩។
មរណភាពរបស់ កញ្ញា អ៉ឹម ស្រីនិ គឺជាការបាត់បង់ នូវបុគ្គលិកសុខាភិបាលមួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងការរួមចំណែកថែទាំអ្នកជំងឺកូវីដ-១៩។
ក្នុងឱកាសប្រកប ដោយសមានទុក្ខដ៏ក្រៀមក្រំនេះ «យើងខ្ញុំទាំងអស់គ្នា សូមចូលរួមសម្តែងនូវមរណទុក្ខ ដោយក្តីស្រណោះ អាឡោះអាល័យ ជាមួយ ក្រុមគ្រួសារ ព្រមទាំងញាតិមិត្តទាំងអស់នៃសព ហើយសូមឧទ្ទិសបួងសួង ឲ្យដួងវិញ្ញាណក្ខន្ធកញ្ញា បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ»។
សូមជម្រាបថា អ្នកគ្រូពេទ្យ អ៉ឹម ស្រីនិ ដែលជាគ្រូពេទ្យបម្រើការងារ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ផ្នែកព្យាបាលអ្នកជំងឺកូវីដ១៩ បានស្លាប់នៅម៉ោង១០យប់ ថ្ងៃ២៩ ខែសីហា ឆ្នាំ២០២១ ដោយសាជំងឺកូវីដ១៩។
អ្នកគ្រូពេទ្យ អ៉ឹម ស្រីនិ បានឆ្លងជំងឺកូវីដ១៩ និងព្យាបាលនៅខេត្តព្រះសីហនុ ដោយសារស្ថានភាពជំងឺធ្វើទុកខ្លាំង ក៏ត្រូវបញ្ជូនមកព្យាបាល នៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ ព្រីមៀម សែនសុខ បានតែរយៈពេល២ថ្ងៃ ក៏ទទួលមរណភាព ដោយសារស្ថានភាពជំងឺធ្ងន់ធ្ងរ មិនអាចជួយសង្គ្រោះបាន៕