(ប៉ៃលិន)៖ លោកឧត្តមសេនីយ៍ត្រី កែម អនុជ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងប៉ៃលិន បានដាក់បទបញ្ជាកងកម្លាំងគ្រប់បណ្តាគោលដៅ ត្រូវយកចិត្ដទុកដាក់ចុះល្បាតត្រួតពិនិត្យ ២៤ម៉ោង លើ២៤ម៉ោង និងមិនឱ្យពលករ ឬប្រជាពលរដ្ឋដែលឆ្លងដែនពីប្រទេសថៃ រួចផុតពីការធ្វើចត្តាឡីស័កនោះឡើយ។
បទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី កែម អនុជ បានធ្វើឡើងនៅក្នុងឱកាសដែលលោក បានដឹកនាំនាយទាហាន នាយរង និងពលទាហាន ចុះត្រួតពិនិត្យគោលដៅ និងសួរសុខទុក្ខដល់កម្លាំង ដែលកំពុងឈរជើងតាមព្រំដែន កម្ពុជា-ថៃ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ និងការពារសន្តិសុខ តាមមណ្ឌលចត្តាឡីស័ក ក្នុងភូមិសាស្រ្តខេត្តប៉ៃលិន នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២២០១នេះ។
ជាមួយគ្នានេះ លោកមេបញ្ជាការក៏បានណែនាំដល់កងកម្លាំងដែលកំពុងឈរជើងប្រចាំការនៅតាមគោលដៅព្រំដែនកម្ពុជា-ថៃ សូមយកចិត្តទុកដាក់ថែទាំសុខភាពផ្ទាល់ខ្លួនឱ្យបានល្អ និងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះ ការចម្លងជំងឺកូវីដ១៩ និងជំងឺផ្សេងៗទៀត នាដំណាក់កាលនេះជាដើម។
លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បាននាំយកអំណោយជាទឹកសុទ្ធ មី ម៉ាស់ ថ្នាំលាបសត្វទិច ឬខាំ ត្រីខ ទឹកផ្លែឈើ និងគ្រឿងឧបភោគបរិភោគមួយចំនួន ចែកជូនកងកម្លាំងដែលកំពុងប្រចាំការនៅទីនោះផង៕