(ព្រះសីហនុ)៖ ជនសង្ស័យប្រុសស្រី៣នាក់ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីលួចទូរដែក ដែលមានលុយ១១ម៉ឺនដុល្លារ នៃបន្ទប់កាស៉ីណូឆាងឆឹង ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះថា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ មានបុរសជនជាតិចិនម្នាក់ បានមកដាក់ពាក្យបណ្តឹងថា កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៣៖០០នាទីទៀបភ្លឺ មានចោរបានលួចចូលទៅក្នុង បន្ទប់លេខ8720 នៃកាស៊ីណូ ឆាងឆឹង ហើយធ្វើសកម្មភាពលួចទូរដែក០១គ្រឿងគេចខ្លួនបាត់ ដោយនៅក្នុងទូរដែកនោះមានលុយ ១១០,០០០ដុល្លារ និងនាឡិការដៃ០១គ្រឿង។
បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់វេលាម៉ោង២០៖០០នាទី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ ទើបធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់ ដែលមានតំរុយពាក់ព័ន្ធក្នុងករណីនេះ។ ចំពោះជនសង្ស័យ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងធ្វើការសាកសួរ៕