(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទីចន្ទ ទី៣០ ខែសីហា ឆ្នាំ២០២១ នៅវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ លោក ទាន សំណាង ប្រធានវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា (NIDIR) បានទទួលសៀវភៅ «អគ្គកុងស៊ុល» ពី លោកបណ្ឌិត តាំង សុខងី ចំនួន ០៥ក្បាល ដើម្បីរក្សា និងតំកល់ទុកនៅក្នុងបណ្ណាល័យរបស់វិទ្យាស្ថាន សម្រាប់ការសិក្សា និងស្រាវជ្រាវរបស់មន្រ្តី និងបុគ្គលិកក្រសួង។

សៀវភៅ «អគ្គកុងស៊ុល» ផ្តោតលើការអនុវត្តកិច្ចការកុងស៊ុលទូទៅដែលរដ្ឋបញ្ជូន និងរដ្ឋម្ចាស់ផ្ទះ បានព្រមព្រៀងគ្នាស្របតាមអនុសញ្ញាក្រុងវីយែនស្តីពីទំនាក់ទំនងកុងស៊ុលឆ្នាំ១៩៦៣ ដោយផ្តោតលើទិដ្ឋភាព និងការងារនៃវិស័យមួយចំនួន រួមមាន៖ ក្រសួងការបរទេស និងវិទ្យាស្ថានជាតិការទូត, កុងស៊ុលអាជីព និងកុងស៊ុលកិត្តិយស, ដំណើរការ និងការប្រព្រឹត្តទៅរបស់មន្រ្តីកុងស៊ុល, បុព្វសិទ្ធិ និងអភ័យឯកសិទ្ធិកុងស៊ុល និងសិទ្ធិផ្សេងៗ, រឿងក្តីពាក់ព័ន្ធនឹងមន្រ្តីកុងស៊ុល, ការប្រតិបត្តិពិធីការការទូត, និង អនុសញ្ញាក្រុងវីយែនស្តីពីទំនាក់ទំនងកុងស៊ុលឆ្នាំ១៩៦៣។

ក្រៅពីនេះ សៀវភៅ «អគ្គកុងស៊ុល» ក៏បានផ្តល់ជូនអ្នកអាន ជាពិសេសនិស្សិត បានយល់ដឹងទៅលើចំណុចមួយចំនួនបន្ថែមទៀតផងដែរ ដូចជា៖ អភ័យឯកសិទ្ធិការទូត នីតិវិធីពាក់ព័ន្ធនឹងការអនុវត្តច្បាប់លើមន្រ្តីកុងស៊ុល (ឬភ្នាក់ងារការទូត) និងការអនុវត្តច្បាប់កម្ពុជាប្រទាក់ក្រឡាគ្នាជាមួយនឹងច្បាប់អន្តរជាតិ ព្រមទាំងការយល់ដឹងអំពីសកម្ម ភាពការងារកុងស៊ុលប្រកបដោយវិជ្ជាជីវៈខ្ពស់ សម្រាប់មន្រ្តីរាជការ ជាពិសេស មន្រ្តី កុង ស៊ុល នឹងបានបំពេញចន្លោះប្រហោងពីការអនុវត្តកិច្ចការរបស់ខ្លួនមួយចំនួនជាក់ជាមិនខានឡើយ។

ថ្លែងក្នុងឱកាសទទួលសៀវភៅ «អគ្គកុងស៊ុល» លោក ទាន សំណាង បានថ្លែងកោតសរសើរចំពោះការខិតខំចំណាយពេលវេលាស្រាវជ្រាវចងក្រងជាសៀវភៅរបស់អ្នកនិពន្ធសម្រាប់ការសិក្សាស្រាវជ្រាវរបស់អ្នកអាន ព្រមទាំងបានថ្លែងអំណរគុណចំពោះ លោកបណ្ឌិត តាំង សុខងី សម្រាប់ការបរិច្ចាគសៀវភៅមកដល់វិទ្យាស្ថាននៅពេលនេះ ដែលឆ្លុះបញ្ចាំងអំពីការគាំទ្រចំពោះការសិក្សាស្រាវជ្រាវ និងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា និយាយជារួម នឹងអាចរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់វិទ្យាស្ថានក្នុងការបណ្តុះ បណ្តាលអ្នកការទូតដែលមានសមត្ថភាព វិជ្ជាជីវៈ ស្មារតីស្រលាញ់ និងស្មោះត្រង់ចំពោះជាតិមាតុភូមិ និយាយដោយឡែក។

សូមបញ្ជាក់ថា លោកបណ្ឌិត តាំង សុខងី ជាសាស្រ្តាចារ្យបង្រៀននៅសាកលវិទ្យាល័យ អាស៊ី-អឺរ៉ុប ក្នុងរាជធានីភ្នំពេញ និងជាអ្នកនិពន្ធសៀវភៅដែលមានចំណងជើងថា «ដំណោះស្រាយជម្លោះនៅសមុទ្រចិនខាងត្បូង»