(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ក្រសួងកំពុងរៀបចំធ្វើវិសោធនកម្មច្បាប់ និងពិចារណា លើការផាកពិន័យ ចំពោះរថយន្តដឹកជំនិញធន់ធ្ងន់ ដែលបើកបរនៅលើគន្លងខាងឆ្វេង ដែលជាគន្លងល្បឿនលឿន ដែលបង្ករឱ្យមានការស្ទះចររាចរណ៍ សម្រាប់រថយន្ត ដែលត្រូវបើកល្បឿនលឿន។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ដូចនេះនាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ ក្នុងកម្មវិធីផ្សាយផ្ទាល់ដែលមានឈ្មោះថា «MPWT LIVE SHOW» លើប្រធានបទ «សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចាប់ពីចុងឆ្នាំ២០១៨ ដល់ពេលបច្ចុប្បន្ន និងផែនការកំពុងបន្តរហូតដល់ឆ្នាំ២០២៣»។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា ច្បាប់នៃការបើកបរលើកដងផ្លូវ បានចែងច្បាប់ណាស់រាល់ការធ្វើដំណើរ លើដងផ្លូវត្រូវតែប្រកាន់ខាងស្តាំ ដូចនេះការបើកបរ ត្រូវតែប្រកាន់ស្តាំ លើកលែងតែកាបើកបរត្រូវវ៉ាជែង ហើយជាក់ស្តែងសព្វថ្ងៃនេះមានឡានច្រើនណាស់ ដែលភាគច្រើនមានរថយន្តដឹកទំនិញធន់ធ្ងន់ ដោយចំពោះផ្លូវ ២គន្លងទៅ ២គន្លងមក មិនបានបើកនៅខាងស្តាំទេ គឺបើកនៅផ្លូវខាងឆ្វេង ដែលជាផ្លូវបើកល្បឿនលឿន ដែលធ្វើឱ្យអ្នកត្រូវវ៉ាជែង ត្រូវវ៉ាខាងស្តាំងវិញ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល គូសបញ្ជាក់ថា ឡានធន់ធំដែលបើកល្បឿនយឺត គឺត្រូវតែបើកខាងស្តាំ ទុកឱ្យឡានដែលត្រូវបើកល្បឿនលឿន ឡើងវ៉ាជែង នៅខាងឆ្វេងវិញ។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ឥលូវនេះគឺកំពុងតែរៀបចំធ្វើវិសោធនកម្មច្បាប់ និងមានការផាកពិន័យចំពោះរថយន្តធន់ធ្ងន់ ដែលបើកយឺត ហើយបើកនៅគន្លងខាង ឆ្វេង និងកំពុងតែពិចារណា លើការផាកពិន័យនេះ ដើម្បីកុំឱ្យរថយន្តធន់ធំធ្វើឱ្យមានការស្ទះចររាចរណ៍ ដោយសារតែកាបើកយឺត ហើយបើកនៅលើផ្លូវល្បឿនលឿន ព្រោះវាខុសនឹងច្បាប់៕