(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប ប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៧៤នាក់បន្ថែមទៀត ខណៈជាសះស្បើយចំនួន ១៥១នាក់ និងស្លាប់១នាក់ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ម្សិលមិញ។
សេចក្តីប្រកាសព័ត៌មានដែល Fresh News ទទួលបាននៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ ប្រកាសឱ្យដឹងថា ករណីទី១ ដល់ទី៣៦ ជាករណីមានប្រភពចម្លងចេញពីផ្សារពួក ករណីទី៣៧ ដល់ទី៣៨ គឺជាអ្នកដំណើរមកពីខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ និងករណីទី៣៩ ដល់ទី៧៤ ជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយទេ។
អ្នកជាសះស្បើយទាំង១៥១នាក់ខាងលើ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យក្រឡាញ់ វិទ្យាល័យចំណោះដឹងទូទៅ និងបច្ចេកទេសពួក និងវិទ្យាល័យដំដែក ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
នៅថ្ងៃនេះដែរ មានករណីស្លាប់អ្នកវិជ្ជមានចំនួន១នាក់ ឈ្មោះ ស្វាយ គិត ភេទស្រី អាយុ៨៥ អាសយដ្ឋាននៅភូមិតាជេត ឃុំសំរោងយា ស្រុកពួក ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ និងបានស្លាប់ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៧៖៥០នាទី ដោយជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៧,៧៩១នាក់ បានព្យាបាលជាសះស្បើយចំនួន ៧,១៧១នាក់ ស្លាប់ ៨៤នាក់ និង ៥,៣៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យក្រឡាញ់ វិទ្យាល័យចំណោះដឹងទូទៅ និងបច្ចេកទេសពួក និងវិទ្យាល័យដំដែក។
រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់ ១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ។
ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ៕