(ភ្នំពេញ)៖ លោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបង្ហាញការហួសចិត្តចំពោះទង្វើប្រទេសដែលតែងតែតាំងខ្លួន ជាបិតាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ និងបានរួមគ្នាឈ្លានពាន និងបង្កសង្រ្គាមនៅអាហ្វហ្គានីស្ថាន នាំឱ្យមានវិបត្តិជនភៀសខ្លួននាពេលនេះ បែរជាមិនទទួលជនភៀសខ្លួនទាំងនោះឱ្យចូលក្នុងប្រទេសរបស់ខ្លួនទៅវិញ តែត្រូវស្នាក់នៅបណ្តោះអាសន្ននៅប្រទេសដទៃសិន ដើម្បីរង់ចាំបំពេញបែបបទ និងលក្ខខណ្ឌជាជនភៀសខ្លួនឱ្យបានចប់សព្វគ្រប់ មុននឹងអនុញ្ញាតឱ្យចូល។
តាមរយៈទំព័រ Facebook ផ្លូវការបង្ហោះនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ លោក ជិន ម៉ាលីន បានលើកឡើងយ៉ាងដូច្នេះថា៖ «ប៉ុន្មានថ្ងៃនេះ ប្រទេសមួយចំនួនដែលមិនជាប់ពាក់ព័ន្ធនឹងសង្រ្គាមនៅអាហ្វហ្គានីស្ថាន បានរួមគ្នាបង្ហាញកាយវិការមនុស្សធម៌អន្តរជាតិដោយសុខចិត្តទទួលជនភៀសខ្លួនស៊ីវិល អាហ្វហ្គានីស្ថាន ឱ្យស្នាក់នៅបណ្តោះអាសន្នសិន រង់ចាំបំពេញបែបបទចេញទៅប្រទេសទី៣»។
ចំណែកឯប្រទេសដែលតែងតែតាំងខ្លួនជាបិតាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យវិញ និងបានរួមគ្នាឈ្លានពាន និងបង្កសង្រ្គាមនៅអាហ្វហ្គានីស្ថាន នាំឱ្យមានវិបត្តិជនភៀសខ្លួននាពេលនេះ បែរជាមិនទទួលជនភៀសខ្លួនទាំងនោះឱ្យចូលក្នុងប្រទេសរបស់ខ្លួនទៅវិញ តែត្រូវស្នាក់នៅបណ្តោះអាសន្ននៅប្រទេសដទៃសិន ដើម្បីរង់ចាំបំពេញបែបបទ និងលក្ខខណ្ឌជាជនភៀសខ្លួនឱ្យបានចប់សប់គ្រប់ មុននឹងអនុញ្ញាតឱ្យចូល។ នេះបានហៅថា បិតាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យមែន»!។
ក្រុមតាលីបង់ បានកាន់អំណាចនៅប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីពួកគេចូលកាន់កាប់រដ្ឋធានីកាប៊ុល កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នេះ។ ករណីនេះលោកប្រធានាធិបតី Ashraf Ghani បានភៀសខ្លួនទៅក្រៅប្រទេស ដើម្បីបញ្ចៀសការបង្ហូរឈាម ខណៈជនជាតិអាហ្វហ្គាននីស្ថាន ជាច្រើននាក់កំពុងចាកចេញពីប្រទេសនេះជាបន្តបន្ទាប់។
គួរបញ្ជាក់ថា មកទល់ពេលបច្ចុប្បន្ន ប៉ាគីស្ថានបានទទួលជនភៀសខ្លួនអាហ្វហ្គានីស្ថាន សរុបជាង២លាននាក់ឲ្យជ្រកកោន ខណៈតួលេខនេះបានប្រែប្រួលចុះឡើង ដោយអាស្រ័យលើស្ថានការណ៍ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ក្រុមជនភៀសខ្លួនអាហ្វហ្គានីស្ថាន ជារឿយៗបានអះអាងថា ពួកគេមិនត្រួវបានស្វាគមន៍ឡើយ ហើយមានឱកាសតិចតូចបំផុត ក្នុងការទទួលបានការងារ និងសិទ្ធិចូលសញ្ជាតិ នៅប៉ាគីស្ថាន៕