(ណៃពិដោ)៖ មេដឹកនាំគណបក្សឈ្នះឆ្នោត និងកំពុងដឹកនាំរដ្ឋាភិបាលថ្មីនៅមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានតែងតាំងជាផ្លូវការក្លាយជារដ្ឋមន្ត្រីក្រសួងចំនួនបួនក្នុងពេលតែមួយ មានដូចជា៖ ក្រសួងការបរទេស, ក្រសួងអប់រំ, ក្រសួងអគ្គិសនី និងក្រសួងថាមពល។ នេះបើតាមការផ្សាយ មុននេះបន្តិចដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០១៦។
ការតែងតាំងជាផ្លូវការនេះ បានធ្វើឡើងនៅក្នុងសភាជាតិមីយ៉ាន់ម៉ា ក្នុងរដ្ឋធានីណៃពិដោ ដោយលោក U Mann Win Khaing Than ជាប្រធានសភាបានធ្វើជាអធិបតីភាពក្នុងពិធីស្បថចូលកាន់តំណែង នៃមន្ត្រីសំខាន់ៗក្នុងជួររដ្ឋាភិបាលថ្មី។ តំណែងរបស់លោកស្រី ស៊ូជី នឹងតម្រូវឲ្យលោកស្រីបំពេញការងារ យ៉ាងសកម្មផងដែរ ក្នុងការិយាល័យប្រធានាធិបតីភូមា លោក U Htin Kyaw ដែលទើបស្បថឡើង កាន់តែតំណែងកាលពីប៉ុន្មានម៉ោងមុននេះ៕