(បាត់ដំបង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ បានផ្តល់ផ្លែមៀន និងតាង៉ែន ចំនួន ៥តោន ដល់រដ្ឋបាលខេត្តបាត់ដំបង។

ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងក្រោមវត្តមានលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង, លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ដោយមានការចូលរួមដោយ លោកអភិបាលរងខេត្ត និងថ្នាក់ដឹកនាំ កងកម្លាំង មន្រ្តីរាជការចូលរួមផងដែរ។

លោក ងួន រតន: បានបញ្ជាក់ថា ជានិច្ចកាលសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែបានយកចិត្តទុកដាក់ខ្ពស់ពីជីវភាពរស់នៅ ក៏ដូចជាសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅគ្រប់កាលៈទេសៈ ជាពិសេសក្នុងបរិបទ នៃការឆ្លងរាតត្បាតជំងឺកូវីដ-១៩ សម្ដេចតែងបានណែនាំជំរុញដល់អាជ្ញាធរ រាជធានីខេត្ត-ក្រុង-ស្រុក មន្ត្រីរាជការកងកម្លាំងសមត្ថកិច្ចជួរមុខ ដែលកំពុងបំពេញបេសកកម្មជួយអាយុជីវិតរបស់ប្រជាពលរដ្ឋទូទៅបានល្អប្រសើ។

លោកបានបន្តថា ជាក់ស្ដែងពេលនេះមិនត្រឹមតែបានយកចិត្តទុកដាក់ខ្ពស់អំពីបញ្ហាការពារសុខមាលភាព អាយុជីវិត និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងបរិបទនៃការឆ្លងរាតត្បាតជំងឺដ៏កាចសាហាវនេះប៉ុណ្ណោះទេ សម្តេចទាំងទ្វេ ថែមទាំងបានបរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីទិញផ្លែមៀន ផ្លែតាង៉ែន ដ៏ឆ្ងាញ់ពិសារពីកសិករខ្មែរដែលកំពុងជួបបញ្ហាប្រឈមខ្វះទីផ្សារ សំដៅជួយសម្រាលដើមទុន និងដើម្បីជួយជំរុញលើកទឹកចិត្តដល់កសិករ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ដែលកំពុងបំពេញបេសកកម្មការងារជួរមុខ និងប្រជាពលរដ្ឋអ្នកជំងឺកំពុងធ្វើចត្តាឡីស័កទៀតផង។

ក្នុងនាមរដ្ឋបាលខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តបាត់ដំបង លោក ងួន រតន: បានគោរពថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រកបដោយទឹកចិត្តមនុស្សធម៌ គុណធម៌ដ៏ថ្លៃថ្លាប្រពៃ និងសូមគោរពជូនពរសម្ដេច ទាំងទ្វេមានសុខភាពល្អ អាយុយឺនយូរ ដើម្បីដឹកនាំប្រទេសកម្ពុជា មានសុខសន្តិភាពយូរអង្វែង និងការអភិវឌ្ឍរីកចម្រើន ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ និងជីវភាពធូធារបស់ប្រជាពលរដ្ឋទៅអនាគតបន្តទៀតផងដែរ។

ក្នុងនាមរដ្ឋបាលខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តបាត់ដំបង លោក ងួន រតនៈ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុន សែន៕