(ភ្នំពេញ)៖ ដើម្បីរួមចំណែកចែករំលែក នូវចំណេះដឹងដល់សាធារណជន និយ័តករបរធនបាល បានរៀបចំនូវអត្ថបទមួយពន្យល់ ពីសិទ្ធិ និងកាតព្វកិច្ចរបស់បរធនបាលទាយក។

ខាងក្រោមនេះជាការពន្យល់ទាំងស្រុងរបស់និយ័តករបរធនបាលកិច្ច៖

មាត្រា១៧ និង១៨ នៃច្បាប់ស្តីពីបរធនបាលកិច្ច (២០១៩) បានចែងពីសិទ្ធិ និងកាតព្វកិច្ចដែលមានសារៈសំខាន់ សម្រាប់បរធនបាលទាយកគ្រប់រូបគប្បីយល់ដឹង។

បរធនបាលទាយកមានសិទ្ធិជាអាទិ៍ដូចជា៖ ១-ទទួលព័ត៌មានពាក់ព័ន្ធនឹងការគ្រប់គ្រងបរធនបាលកិច្ច ដែលមានជាអាទិ៍របាយការណ៍ហិរញ្ញវត្ថុ របាយការណ៍សវនកម្ម និងឯកសារពាក់ព័ន្ធផ្សេងទៀត និង២-តែងតាំង និងបញ្ចប់បរធនបាល តាមលក្ខខណ្ឌដែលបានកំណត់ ក្នុងលិខិតបរធនបាលកិច្ច។

បរធនបាលទាយកមានកាតព្វកិច្ចជាអាទិ៍ដូចជា៖

១- ផ្ទេរទ្រព្យសម្បត្តិ ឬមូលនិធិជាបរធនឱ្យទៅបរធនបាលគ្រប់គ្រង និងចាត់ចែងជំនួសសម្រាប់ជាប្រយោជន៍ដល់អត្ថគាហកៈ
២- ចូលរួម ឬសម្រួលក្នុងកិច្ចការផ្ទេរបរធន ឱ្យទៅបរធនបាលគ្រប់គ្រង និងចាត់ចែង
៣- ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅនិយ័តករបរធនបាលកិច្ច (ន.ប.ធ) ចំពោះការផ្លាស់ប្តូរបរធនបាលទាយក ឬអ្នកផ្តល់វិភាគទានបរធនបាលកិច្ច ឬការកែប្រែលក្ខខណ្ឌនៃលិខិតបរធនបាលកិច្ច
៤- គោរពតាមលក្ខខណ្ឌ ដែលបានកំណត់ដោយលិខិតបរធនបាលកិច្ច និងបទប្បញ្ញត្តិជាធរមាន៕