(ភ្នំពេញ)៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា បានឧបត្ថម្ភពូជក្របីចំនួន ២៧ក្បាល ដល់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប ដើម្បីរួមចំណែក ក្នុងការអភិរក្ស និងអភិវឌ្ឍពូជក្របី នៅកម្ពុជា។ នេះបើយោងតាមការចេញផ្សាយពីទំព័រ Facebook របស់រាជបណ្ឌិត្យសភាកម្ពុជា។
រហូតមកដល់ពេលបច្ចុប្បន្ននេះ រាជបណ្ឌិត្យសភាកម្ពុជា បានប្រមូលទិញពូជក្របី នៅក្នុងប្រទេសកម្ពុជា សរុបបានចំនួន ១០៦ក្បាលហើយ ក្នុងនោះមានពូជក្របីស្រងែ ពូជក្របីកតាំង ពូជក្របីសំពៅ និងពូជក្របីឃ្លៀចផងដែរ។
ក្របីឃ្លៀច គឺជាពូជក្របីមួយកម្រនៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ ហើយរាជបណ្ឌិត្យសភាកម្ពុជា នឹងធ្វើការអភិរក្សក៏ដូចជា អភិវឌ្ឍន៍ពូជក្របីទាំងនេះទៅជាប្រាំប្រភេទដូចជាទី១៖ សិក្សាក្នុងការបង្កាត់ពូជក្របីរវាង ពូជក្របីស្រងែ និងពូជស្រងែ, ទី២៖ ការបង្កាត់ពូជរវាងពូជសំពៅ និងពូជសំពៅ, ទី៣ ពូជកតាំង និងពូជកតាំង, ទី៤ បង្កាត់ពូជរវាងក្របីឃ្លៀចនិងក្របីឃ្លៀច និងទី៖៥ បង្កាត់សប្បនិម្មិត ជាមួយនឹងស្ពែមដែលនាំចូលមកពីក្រៅប្រទេស៕