(ភ្នំពេញ)៖ ភាពយន្តថ្មីមួយទៀត ត្រូវបានសម្ពោធចាក់បញ្ចាំង នៅតាមរោងភាពយន្តទំនើបនានា នាល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦នេះ នៅរោងភាពយន្ត Major By Cellcard មានចំណងជើងថា «កំពូលអ្នកសុំទានជួបស្នេហ៍» ដែលជាវណ្ណកម្ម របស់ផលិតកម្ម LD Picture ។ ទោះបីជាផ្ទៃរឿងទាំងមូល បានបរិយាយ ពីជីវិតរបស់អ្នកសុំទាន ប៉ុន្តែពុំបានមានន័យថា រឿងផលិតឡើង ដើម្បីមើលងាយ ឬបន្ទាបបន្ថោក អ្នកមានមុខរបរសុំទានជាក់ស្ដែង ក្នុងសង្គមសព្វថ្ងៃនេះដែរ ពោលក្នុងរឿងនេះ បានផ្ដល់ជាគំនិតពិចារណា ឲ្យអ្នកសុំទានចេះកែប្រែខ្លួន ប្រើសិនបើខ្លួនឯង មានកាយសម្បទារឹងមាំ ឲ្យឈប់ប្រកបរបរនេះ និងងាកទៅរកជំនាញណាមួយ ដើម្បីជីវិតទៅថ្ងៃអនាគត។
លោក លៀក លីដា ផលិតករ និងជាចាងហ្វាងផលិតកម្ម LD Picture បានមានប្រសាសន៍ប្រាប់ Khmertalkign ថា រឿង «កំពូលអ្នកសុំទានជួបស្នេហ៍» ជាចំណីចក្ខុថ្មី ប្លែកមួយទៀត នៅក្នុងឆ្នាំ២០១៦នេះ ដែលនឹងធ្វើឲ្យអ្នកទស្សនា សើចសប្បាយតាំងពីដើមរហូតដល់ចប់។ រឿងនេះ ជាប្រភេទរឿងកំប្លែង មនោសញ្ចេតនាស្នេហា និងមានគោលបំណង អប់រំយ៉ាងសំខាន់ ដល់បងប្អូនដែលមានមុខរបរ ជាអ្នកសុំទាន ឲ្យងាកទៅរកមុខរបរផ្សេងថ្មីមួយទៀត ឬជំនាញអ្វីមួយជាដើម ដើម្បីកែប្រែជីវិត ឲ្យដូចនឹងមនុស្សទូទៅ រស់ក្នុងសង្គមនាពេលបច្ចុប្បន្ន។
«អត់ទេ..បើនិយាយពីការប៉ះពាល់ដល់ជីវិត ឬមុខរបររបស់អ្នកសុំទាន ក្នុងសង្គមសព្វថ្ងៃនេះ គឺគ្មានទេ ប្រទេសណាក៏មានអ្នកសុំទានដែរ ប៉ុន្តែយើងលេងនេះ ក៏មិនសម្ដៅទៅលើអ្នកសុំទាន ឬប្រមាថអ្នកសុំទានឯណា ដោយក្នុងសាច់រឿង មានក្រុមអ្នកសុំទាន ប៉ុន្តែបន្ទាប់ពីពួកគេ បានការណែនាំពីបុរសម្នាក់ ពួកគេបានកែប្រែជីវិត ពីអ្នកសុំទាន មកប្រកបរបរផ្សេង ហើយមុខរបរថ្មីនេះ ធ្វើឲ្យពួកគេជោគជ័យ ក្នុងជីវិតទៀតផង..!» លោក លៀក លីដា បញ្ជាក់បន្ថែម។
ចាងហ្វាងផលិតកម្មរូបនេះ បានបន្តទៀតថា រឿង «កំពូលអ្នកសុំទានជួបស្នេហ៍» ត្រូវបានសម្រិតសម្រាំងឡើង យ៉ាងពិសេស ទាំងការរើសតួសម្ដែង ប្លង់ថត និងបច្ចេកទេស ដោយបានចំណាយពេល ប្រមាណ៤ខែ ដើម្បីថតឲ្យចប់រួចរាល់ និងចំណាយដើមទុនអស់ជាច្រើន ក្នុងន័យឲ្យផ្ទៃរឿងទាំងមូល មានគុណភាពល្អ មានភាពទាក់ទាញ ប្លែកពីភាពយន្តមុនៗ ហើយក៏តម្រូវតាមទីផ្សារ ភាពយន្តបច្ចុប្បន្ននេះ ។
រឿង«កំពូលអ្នកសុំទានជួបស្នេហ៍» ចូលរួមសម្ដែងដោយតារាល្បីៗ ជាច្រើនដួង រួមមាន នាយគ្រឿន លោក BIG អ្នកនាង សុខ សុម៉ាវត្តី លោក ងួន សុបិន កញ្ញា ឡោម លក្ខិណា លោក ជា សុវណ្ណនរាហ៍ ព្រមទាំងតារាសម្ដែងល្បីជាច្រើនទៀត។ ភាពយន្តនេះ នឹងមានការដាក់បញ្ចាំងគ្រប់រោងទំនើបនានា ទាំងអស់ក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃនេះតទៅ៕