(ភ្នំពេញ)៖ បេសកកម្មរយៈពេល៤ថ្ងៃ ក្នុងការនាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ប្រគល់ជូនលោកតា លោកយាយ អាយុ១០០ឆ្នាំឡើង ដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ១៩ និងអ្នកទី៩លាន នៃការចាក់វ៉ាក់សាំង បានបញ្ចប់ដោយជោគជ័យ បន្ទាប់ពីអំណោយទាំងអស់នេះបានប្រគល់ដល់ដៃរបស់ពួកគាត់។
បេសកកម្មដែលដឹកនាំដោយលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស បានចាប់ផ្ដើមចាកចេញពីរាជធានីភ្នំពេញ នៅព្រឹកព្រលឹមថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ហើយត្រូវបានបិទបញ្ចប់នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១នេះ។
លោកតា លោកយាយអាយុ១០០ឆ្នាំឡើង ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ១៩ ហើយទទួលបានអំណោយនាឱកាសនេះ សរុបចំនួន១៨នាក់ ក្នុងនោះមាននៅខេត្តពោធិ៍សាត់ ចំនួន២នាក់, ខេត្តបាត់ដំបង ចំនួន៦អង្គ/នាក់, ខេត្តប៉ៃលិន ចំនួន១នាក់, ខេត្តឧត្តរមានជ័យ ចំនួន៤នាក់ និងខេត្តព្រះវិហារ ចំនួន៥នាក់។
ថ្ងៃទី១ នៃបេសកកម្ម ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ អ្នកដែលទទួលបានអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន រួមមាន៖
* ទី១៖ លោកយាយ រ៉ុប អ៉ឹន អាយុ១០១ឆ្នាំ រស់នៅភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់
* ទី២៖ លោកយាយ ច ធឿន អាយុ១០៣ឆ្នាំ រស់នៅភូមិអូរហេង ឃុំសំរោង ស្រុកភ្នំក្រវាញ់ ខេត្តពោធិ៍សាត់
* ទី៣៖ ព្រះតេជគុណ បញ្ញាវុឌ្ឍី គ្រួច ភាជ ព្រះជន្ម១០១វស្សា ព្រះចៅអធិការវត្តព្រះនរាយ៍ ហៅវត្តខ្វែង ស្ថិតក្នុងភូមិកំពង់អំពិល ឃុំវត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង។
ថ្ងៃទី២ នៃបេសកកម្ម ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ អ្នកដែលទទួលបានអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន រួមមាន៖
* ទី១៖ លោកតា អឿ យុន អាយុ១០២ឆ្នាំ រស់នៅភូមិកំប៉ងលិច ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង
* ទី២៖ លោកយាយ វ័ន នូវ អាយុ១០២ឆ្នាំ រស់នៅភូមិភ្នំសំពៅ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង
* ទី៣៖ លោកយាយ ចាយ គឹមអ៊ន អាយុ១០០ឆ្នាំ រស់នៅភូមិក្រពើកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង
* ទី៤៖ លោកយាយ យឿន វីន អាយុ១០៨ឆ្នាំ រស់នៅភូមិតាគ្រាម ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង
* ទី៥៖ លោកយាយ ហង់ អួច អាយុ១០៨ឆ្នាំ រស់នៅភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង
* ទី៦៖ លោកយាយ ស៉ឹម ស៊ាន អាយុ១០៣ឆ្នាំ រស់នៅភូមិកូនដំរី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន
* ទី៧៖ លោកតា ប៉ែន មួន អាយុ១០២ឆ្នាំ រស់នៅភូមិថ្នល់បត់ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ
* ទី៨៖ លោកយាយ យឿន អេះ អាយុ១០១ឆ្នាំ រស់នៅភូមិកញ្ជ្រៀប ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ
* ទី៩៖ លោកយាយ ឈើយ យឹប អាយុ១០៥ឆ្នាំ រស់នៅភូមិអំពិល ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ
* ទី១០៖ លោកយាយ សូរ ញ៉ាង់ អាយុ១០១ឆ្នាំ រស់នៅភូមិពុរ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។
ថ្ងៃទី៣ នៃបេសកកម្ម ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានប្រគល់ជូន៖
* ទី១៖ លោកយាយ សា រឿង អាយុ១០១ឆ្នាំ រស់នៅភូមិស្រយ៉ង ឃុំស្រយ៉ង ស្រុកគូលែន ខេត្តព្រះវិហារ
* ទី២៖ លោកយាយ សុក សាំង អាយុ១០១ឆ្នាំ រស់នៅភូមិភ្ញាក់រលឹក ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ
* ទី៣៖ លោកយាយ ប៉ាង ប៊ុ អាយុ១០៩ឆ្នាំ រស់នៅភូមិច្រាច់ ឃុំច្រាច់ ស្រុកជ័យសែន ខេត្ដព្រះវិហារ
* ទី៤៖ លោកយាយ សូ អួន អាយុ១១៤ឆ្នាំ រស់នៅភូមិស្លែង ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ។
ថ្ងៃទី៤ នៃបេសកកម្ម ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ អំណោយរបស់សម្ដចតេជោ ហ៊ុន សែន ត្រូវបានប្រគល់ជូន លោកយាយ គឹម សៅ អាយុ១០៣ឆ្នាំ រស់នៅភូមិពុទ្រា ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ និងអ្នកទី៩លាន នៃការចាក់វ៉ាក់សាំងបានទៅលើលោកយាយឈ្មោះ ព្រំ កួយ អាយុ៧៦ឆ្នាំ រស់នៅភូមិថ្មសំលៀង ឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
ក្នុងឱកាសនោះ លោកស្រី ឱ វណ្ណឌីន តែងតែបាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនលោកតា លោកយាយ ព្រមទាំងបានជម្រាបសាកសួរអំពីស្ថានភាពសុខភាពរបស់ពួកគាត់ ក្រោយពីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ផងដែរ ព្រមទាំងបានជម្រាបសួរអំពីមូលហេតុអ្វីដែលជំរុញឲ្យពួកគាត់ទៅទទួលយកនូវការចាក់វ៉ាក់សាំង។
លោកយាយ និងលោកតា ដែលបានចាក់វ៉ាក់សាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលអនុញ្ញាតឲ្យគាត់បានចាក់វ៉ាក់សាំង និងបានផ្ដល់អំណោយជូនរូបគាត់នៅឱកាសនេះ។ ពួកគាត់ក៏បានផ្ដាំផ្ញើនូវក្ដីនឹក និងអាណិតស្រលាញ់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា តាមរយៈលោកស្រី ឱ វណ្ណឌីន ផងដែរ។
បើតាមការសាកសួររបស់លោកស្រី ឱ វណ្ណឌីន ទៅកាន់លោកតា លោកយាយពាក់ព័ន្ធបញ្ហាសុខភាពវិញនោះទេ ពួកគាត់បានអះអាងថា ក្រោយចាក់វ៉ាក់សាំងហើយ មិនមានអ្វីប្រែប្រួលនោះទេ ពោលពួកគាត់មានសុខភាពល្អធម្មតា។ បន្ថែមពីនេះ មានលោកតា លោកយាយខ្លះ ហាក់មានសុខភាពល្អប្រសើរជាងពេលមិនទាន់ចាក់ថែមទៀតផង។
បន្ថែមពីនេះ លោកស្រី ឱ វណ្ណឌីន បានគូសបញ្ជាក់ថា ការសម្រេចចិត្តទៅចាក់វ៉ាក់សាំងពីសំណាក់លោកតា និងលោកយាយ ដែលមានជន្មាយុចាប់១០០ឆ្នាំឡើង គឺបង្ហាញពីគំរូមួយដ៏ល្អសម្រាប់មនុស្សពេញវ័យ និងកុមារ ដែលមានអាយុចាប់ពី១២ឆ្នាំ ទៅដល់ក្រោម១៨ឆ្នាំ ដើម្បីទៅទទួលនូវការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ឲ្យបានគ្រប់ៗគ្នា។
សូមជម្រាបថា បេសកកម្មដែលស្ទើរគ្មានពេលសម្រាករយៈពេល៤ថ្ងៃនេះ ក្រុមការងារដែលដឹកនាំដោយលោកស្រី ឱ វណ្ណឌីន បានធ្វើដំណើរខ្ទង់ពាន់គីឡូម៉ែត្រ និងស្ទើរមួយចំហៀងប្រទេសកម្ពុជា ឆ្លងកាត់ផ្លូវដែលមានស្ថានភាពលំបាក តូចចង្អៀត និងឡើងចុះភ្នំជាដើម។ ប៉ុន្ដែទាំងអស់នេះ មិនមែនជាឧបសគ្គរបស់ក្រុមការងាររបស់លោកស្រី ឱ វណ្ណឌីន នោះឡើយ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ លោកតា លោកយាយ អាយុ១០០ឆ្នាំឡើង ចំនួន៩០នាក់ហើយ ដែលបានទទួលអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បន្ទាប់ពីពួកគាត់ស្ម័គ្រទៅចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងចំណោមលោកតា លោកយាយ សរុប៩៨នាក់ ដែលត្រូវទទួលបានអំណោយដ៏ថ្លៃថ្លានេះ៕