(មណ្ឌលគិរី)៖ ផ្លែតាង៉ែន និងផ្លែមៀនចំនួន ៥តោន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានលោកវរសេនីយ៍ឯក ណាវ ធុល មេបញ្ជាការរងកងអន្តរាគមន៍ដឹងជញ្ចូន បញ្ជាការដ្ឋានកងអង្គរក្ស យកមកប្រគល់ជូន រដ្ឋបាលមណ្ឌលគិរី នាល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១នេះ។
ពិធីប្រគល់ទទួលផ្លែមៀន និងផ្លែតាង៉ែននេះ ធ្វើឡើងនៅសាលាខេត្តមណ្ឌលគិរី ដោយមានការចូលរួមដោយ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី, លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត, លោក សាយ ម៉េងគីម អភិបាលរងខេត្ត និងលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តផងដែរ
លោក ស្វាយ សំអ៊ាង បានបញ្ជាក់ថា ជានិច្ចកាល សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែបានយកចិត្តទុកដាក់ខ្ពស់ពីជីវភាពរស់នៅ ក៏ដូចជាសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅគ្រប់កាលៈទេសៈ ជាពិសេសក្នុងបរិបទ នៃការឆ្លងរាតត្បាតជំងឺកូវីដ១៩ សម្ដេចតែងបានណែនាំជំរុញដល់អាជ្ញាធរ រាជធានីខេត្តក្រុងស្រុក មន្ត្រីរាជការកងកម្លាំងសមត្ថកិច្ចជួរមុខ ដែលកំពុងបំពេញបេសកកម្មជួយអាយុជីវិតរបស់ប្រជាពលរដ្ឋទូទៅឲ្យបានល្អបំផុត។
លោកបានបន្តថា ជាក់ស្ដែងពេលនេះ មិនត្រឹមតែបានយកចិត្តទុកដាក់ខ្ពស់អំពីបញ្ហាការពារសុខមាលភាព អាយុជីវិត និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ក្នុងបរិបទនៃការឆ្លងរាតត្បាតជំងឺដ៏កាចសាហាវនេះប៉ុណ្ណោះទេ សម្តេចទាំងទ្វេថែមទាំងបានបរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីទិញផ្លែមៀន ផ្លែតាង៉ែន ដ៏ឆ្ងាញ់ពិសារពីកសិករខ្មែរ ដែលកំពុងជួបបញ្ហាប្រឈមខ្វះទីផ្សារ សំដៅជួយសម្រាលដើមទុន និងដើម្បីជួយជំរុញលើកទឹកចិត្តដល់កសិករ មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ ដែលកំពុងបំពេញបេសកកម្មការងារជួរមុខ និងប្រជាពលរដ្ឋ អ្នកជំងឺកំពុងធ្វើចត្តាឡីស័កទៀតផង។
ក្នុងនាមរដ្ឋបាលខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង បានគោរពថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ប្រកបដោយទឹកចិត្តមនុស្សធម៌ គុណធម៌ដ៏ថ្លៃថ្លាប្រពៃ និងសូមគោរពជូនពរសម្ដេច ទាំងទ្វេ មានសុខភាពល្អ អាយុយឺនយូរ ដើម្បីដឹកនាំប្រទេសកម្ពុជាមានសុខសន្តិភាពយូរអង្វែង និងការអភិវឌ្ឍរីកចម្រើន ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ និងជីវភាពរបស់ប្រជាពលរដ្ឋទៅអនាគតបន្តទៀត៕