(កែប)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១នេះ បានផ្តល់ផ្លែមៀន និងតាង៉ែន ចំនួន ៥តោន ដល់រដ្ឋបាលខេត្តកែប។

ផ្លែមៀន និងតាង៉ែន ចំនួន ០៥តោន ដែលជាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ត្រូវបានលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ចាត់ចែងប្រគល់ជូនបន្តភ្លាមៗដល់ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ រដ្ឋបាលក្រុងស្រុក ដើម្បីយកទៅចែកជូនដល់កងកម្លាំង ក្រុមគ្រូពេទ្យ អ្នកជំងឺ កូវីដ នៅ មណ្ឌល ព្យាបាល តាមបណ្តាក្រុងស្រុករៀងៗខ្លួន។

លោកអភិបាលខេត្តកែប បានសម្ដែងនូវអំណរគុណ ប្រកបដោយការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត និងសូមលើកហត្ថប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធទាំងឡាយក្នុងលោក សូមតាមបីបាច់ថែរក្សា និងប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូន សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រីជាទីស្រលាញ់បំផុត សូមបានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕