(ភ្នំពេញ)៖ ក្រសួងការបរទេសកម្ពុជា នៅព្រឹកថ្ងៃនេះ បានចេញមកច្រានចោលនូវព័ត៌មានថា «កូរ៉េខាងជើង ឲ្យបណ្តាប្រទេសនានា ជម្លៀសប្រជាជនចេញពីកូរ៉េខាងត្បូង» និងប្រាប់ឲ្យអាណាព្យាបាល ក៏ដូចជាពលករ និងពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូងទាំងអស់ កុំឲ្យមានការព្រួយបារម្ភចំពោះស្ថានការណ៍ នៅឧបទ្វីបកូរ៉េ។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មាននាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦នេះថា ព័ត៌មាន «កូរ៉េខាងជើង ប្រាប់ប្រទេសនានាជម្លៀសប្រជាជន ចេញពីកូរ៉េខាងត្បូង» ដែលលេចឮប៉ុន្មានថ្ងៃមុននោះ គឺជាព័ត៌មានកាលពីឆ្នាំ២០១៣ ហើយត្រូវបានគេយកមកផ្សព្វផ្សាយជាថ្មី។ លោក ជុំ សុន្ទរី បានប្រាប់ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសកូរ៉េខាងត្បូង ក៏ដូចជាអា ណាព្យាបាលសាច់ញាតិនៅក្នុងប្រទេសកម្ពុជា កុំឲ្យព្រួយបារម្ភទៅលើបញ្ហានេះ ហើយរាជរដ្ឋាភិបាលកម្ពុជា តាមដានយ៉ាងយកចិត្តទុកដាក់។
បើតាមលោក ជុំ សុន្ទរី មកដល់បច្ចុប្បន្ននេះ ការប្រឈមរបស់កូរ៉េខាងត្បូង និងខាងជើង មិនទាន់កើតមានជាបញ្ហាធ្ងន់ធ្ងរ នៅឡើយនោះទេ។
លោក ជុំ សុន្ទរី បានថ្លែងយ៉ាងដូច្នេះ «វាបង្កជាការភ័ន្តច្រឡំនាំឲ្យមានការភ័យព្រួយចំពោះគ្រួសារ អាណាព្យាបាល របស់បងប្អូនខ្មែរយើង ពិសេសរស់នៅធ្វើការជាពលករ នៅកូរ៉េខាងត្បូង។ ខ្ញុំសូមជម្រាបជូនថា ព័ត៌មាន ដែលផ្សាយនេះ វាជាព័ត៌មានមិនពិតទេ ដូច្នេះសុំកុំឲ្យមានការព្រួយបារម្ភបញ្ហាហ្នឹង ហើយសូមបញ្ជាក់ថា បញ្ហានេះក្រសួងការបរទេសបានធ្វើការតាមដាន ដោយយកចិត្តទុកដាក់។ សូមឲ្យមានការជឿជាក់លើការគិតគូរ របស់រាជរដ្ឋាភិបាលកម្ពុជាលើបញ្ហានេះ ក្នុងករណីដែលមានអ្វីមិនល្អកើតឡើង សូមឲ្យជឿជាក់ មកលើការគិតគូររបស់រាជរដ្ឋាភិបាលកម្ពុជា មិនព្រងើយកន្តើយ ហើយមានការគិតគូរ និងត្រៀមបម្រុងចំពោះបញ្ហានេះ»។
សូមបញ្ជាក់ថា បងប្អូនកូរ៉េខាងត្បូង និងខាងជើង នៅមួយរយៈចុងក្រោយនេះ បាននិងកំពុងប្រឈមមុខដាក់គ្នាយ៉ាងខ្លាំង បន្ទាប់ពីកូរ៉េខាងជើង ព្យាយាមបាញ់សាកល្បងអាវុធនុយក្លេអ៊ែររបស់ខ្លួនម្តងហើយម្តងទៀតផ្គើនទៅនិងការហាមឃាត់ របស់អង្គការសហប្រជាជាតិ និងបណ្តាប្រទេសមហាអំណាចលើពិភពលោក។
ការប្រឈមមុខដាក់គ្នារវាងបងប្អូនកូរ៉េនេះ នាំឲ្យមានការព្រួយបារម្ភមួយចំនួនផងដែរ ទៅលើសុវត្ថិភាពរបស់ប្រជាពលរដ្ឋខ្មែរ ជាពិសេសពលករកំពុងធ្វើការ នៅប្រទេសកូរ៉េខាងត្បូង៕