(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ក្របខណ្ឌទូទាំងប្រទេស បានអំពាវនាវដល់អាជ្ញាធរ ទូទាំង២៥រាជធានីខេត្ដ សូមធ្វើចលនាឱ្យបានសស្រាក់ស្រាំ ដើម្បីក្រើនរំម្លឹកដល់ប្រជាពលរដ្ឋ បន្ដចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ពិសេសត្រូវរៀបចំទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី១។
ការថ្លែងដូច្នេះរបស់លោកស្រី ឱ វណ្ណឌីន ក្រោយបញ្ចប់ពិធីប្រគល់ថវិកាចំនួន ១០លានរៀល និងសម្ភារមួយចំនួនរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ជូនអ្នកស្ម័គ្រចិត្ដចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ទី៩លាន នៅស្រុកអូរាំងឪ ខេត្ដត្បូងឃ្មុំ នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១នេះ។
លោកស្រី ឱ វណ្ណឌីន បានថ្លែងបន្ដថា «សូមណែនាំឱ្យអាជ្ញាធរទូទាំង២៥រាជធានីខេត្ដ បន្ដរុញច្រានធ្វើយ៉ាងណាដើម្បីឱ្យដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នេះ អាចប្រព្រឹត្ដទៅតាមកាលកំណត់។ ចំណែកពលរដ្ឋ ដែលនៅសេសសល់មិនទាន់បានចាក់វ៉ាក់សាំង សូមអំពាវនាវឱ្យអាជ្ញាធររាជធានីខេត្ដ ពិសេសអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារកូវីដ១៩ ក្នុងក្រមខណ្ឌរាជធានីខេត្ដ និងអាជ្ញាធរមូលដ្ឋាន ចុះធ្វើសិ្ថតិ ឬជំរឿនពលរដ្ឋខ្លួននៅតាមខ្នងផ្ទះ នៃចំនួនអ្នកដែលបានចាក់ និងមិនទាន់បានចាក់»។
លើសពីនោះ សូមអំពាវនាវដល់ប្រជាពលរដ្ឋ បើមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ សូមប្រញាប់ទៅទទួលយកការចាក់វ៉ាក់សាំង ព្រោះជំងឺកូវីដ១៩នៅតែចរាចរនៅកម្ពុជា ពិសេសប្រភេទបប្លែងថ្មី បើមេរោគនោះបានចូលក្នុងសហគមន៍របស់យើង ខណៈដែលអ្នកស្រុកភូមិបានចាក់រួចហើយនៅតែយើង នោះយើងនឹងជាអ្នកដែលទទួលយកមេរោគនោះមុនគេ និងមានសភាពធ្ងន់ធ្ងរដល់សុខភាព និងជីវិត។
លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល បានគូសបញ្ជាក់បន្ថែមថា កន្លងមក គ.វ.ក កូវីដ១៩ ក៏បានណែនាំដល់បណ្ដារាជធានីខេត្ដ សូមឱ្យចាត់ចែងទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋយើងផងដែរ ហើយធ្វើការប្រកាសអំពាវនាវហើយៗទៀត ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មានកាន់តែលម្អិត នៃទីតាំងចាក់វ៉ាក់សាំង។ សម្រាប់ពលរដ្ឋមួយចំនួន មិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយខ្លះជាស្ដ្រីមានផ្ទៃពោះ ឬកំពុងបំប៉ៅកូនដោយទឹកដោះ, សិស្សនិស្សិត ឬពលករមកពីក្រៅប្រទេសជាដើម។
លោកស្រីបានបញ្ជាក់ទៀតថា សម្រាប់នៅរាជធានីភ្នំពេញ តាមមន្ទីរពេទ្យរដ្ឋមួយចំនួន ដូចជាមន្ទីរពេទ្យព្រះអង្គឌួង និងមជ្ឈមណ្ឌលគាំពារមាតា និងទារក កំពុងបន្ដទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី១ ជូនពលរដ្ឋដែលនៅសេសសល់មិនទាន់បានចាក់ ហើយប្រជាពលរដ្ឋក៏មកទទួលយកការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ជាបន្ដបន្ទាប់ផងដែរ៕