(រតនគិរី)៖ ផ្លែមៀនចំនួន៥តោន ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជា តាមរយៈការដឹកជញ្ជូនរបស់កងអង្គរក្សសម្ដេចតេជោ ត្រូវបានយកមកប្រគល់ជូនរដ្ឋបាលខេត្តរតនគិរី នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១។
លោក ថង សាវុន អភិបាលខេត្តរតនគិរី បានបញ្ជាក់ថា ជានិច្ចកាលសម្ដេចតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុន សែន តែងតែយកចិត្តទុកដាក់ខ្ពស់ពីជីវភាពរស់នៅក៏ដូចជាសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅគ្រប់កាលៈទេសៈ។ ពិសេសក្នុងបរិបទនៃការឆ្លងរាតត្បាតជំងឺកូវីដ១៩ សម្ដេចតែងណែនាំជំរុញដល់អាជ្ញាធររាជធានី, ខេត្ត, ក្រុង, ស្រុក មន្ត្រីរាជការកងកម្លាំងសមត្ថកិច្ចជួរមុខ ដែលកំពុងបំពេញបេសកកម្មជួយអាយុជីវិតរបស់ប្រជាពលរដ្ឋទូទៅឲ្យបានល្អបំផុត។
ពេលនេះ មិនត្រឹមតែបាន យកចិត្តទុកដាក់ខ្ពស់អំពីបញ្ហាការពារសុខមាលភាព អាយុជីវិតនិងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ក្នុងបរិបទនៃការឆ្លងរាតត្បាតជំងឺដ៏កាចសាហាវនេះប៉ុណ្ណោះទេ សម្តេចទាំងទ្វេថែមទាំងបានបរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីទិញផ្លែមៀន ផ្លែតាង៉ែន ដ៏ឆ្ងាញ់ពិសារពីកសិករខ្មែរដែលកំពុងជួបបញ្ហាប្រឈមខ្វះទីផ្សារ សំដៅជួយសម្រាលដើមទុន និងដើម្បីជួយជំរុញលើកទឹកចិត្តដល់កសិករ មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ ដែលកំពុងបំពេញបេសកកម្មការងារជួរមុខ និងប្រជាពលរដ្ឋ អ្នកជំងឺកំពុងធ្វើចត្តាឡីស័កទៀតផង។
ក្នុងនាមរដ្ឋបាលខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តរតនគិរី លោកថង សាវុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុន សែន៕