(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងកត់សម្គាល់អំពីរបត់នយោបាយលោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ ប៉ៃដិន (Joe Biden) ដែលបានប្រកាសក្ដែងៗប្រាប់ពិភពលោកថា ចំពោះសហរដ្ឋអាមេរិកដែលបានដកទ័ពទំាងអស់ចេញពីអាហ្វហ្កានីស្ថាន នំាឲ្យពួកតាលីបង់ វាយឈ្នះសង្រ្គាមលើកងទ័ពរដ្ឋាភិបាល ដែលគំាទ្រដោយអាមេរិកតែមួយប៉ប្រិចភ្នែកកាលពីពេលថ្មីៗនេះ គឺពុំមែនសហរដ្ឋអាមេរិកនំាលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការកសាងប្រទេសអាហ្គានីស្ថាននោះទេ តែជាការចង់សម្លាប់ អូសាប៊ិនទ្បាដិន (Osama BinLaden) តែប៉ុណ្ណោះ។
ត្រង់ចំណុចនេះអ្នកជំនាញអារ្យធម៌ខ្មែរ បានចាត់ទុកថា នេះមិនខុសពីហេតុតែចង់ចាប់ «កណ្ដុរមួយ» អាមេរិកត្រូវប្រើកម្លំាងទ័ពដើម្បីដុតប្រទេសអាហ្វហ្កានីស្ថានចោលនោះទេ។
លោក រត្ន័ សណ្ដាប់ បន្ដថា អ្វីដែលកត់សម្គាល់នេះគឺពុំមែនជាការឌឺដង ឬផ្លៃផ្កាដាក់ឲ្យសហរដ្ឋអាមេរិកជាប្រទេសមហាអំណាចផុតលេខនោះទេ តែគ្រាន់ជាការឆ្លុះបញ្ចំាងនូវរឿងរ៉ាងព្រឹត្ដិការណ៍ប្រវត្ដិសាស្រ្ដដែលមហាអំណាច ឬបរទេសតែងខ្ចីដៃឲ្យជនជាតិខ្លួនងាកមកកំទេចជនជាតិខ្លួនឯង ឬប្រទេសខ្លួនឯងឲ្យវិនាសខ្ទេចខ្ទីតែប៉ុណ្ណោះ។ ដោយហេតុ ថាបើយើងពិនិត្យសភាពការណ៍ក្នុងរយ:ពេល ២សប្ដាហ៍កន្លងទៅនេះ ពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លំាងនៅប្រទេសអាហ្វហ្កានីស្ថាន ពីបញ្ហាពួកតាលីបង់ (Taliban) បានធ្វើការវាយប្រហារយ៉ាងសន្ធោសន្ធៅចំពេលដែល កងទ័ពអាមេរិកំាងនិងសម្ព័ន្ធមិត្ដបានចាប់ផ្ដើមដកទ័ពទំាងអស់ពីប្រទេសនេះ។
ព្រឹត្ដិការណ៍នេះបានធ្វើឲ្យពិភពលោកភ្លេចអស់រលីងពីបញ្ហាមេរោគឆ្លងកូវីដ បញ្ហារដ្ឋប្រហារយោធានៅប្រទេសមីយ៉ាម៉ា បញ្ហានៅបស្ចឹមបូព៌ា។ល។ រីឯកម្ពុជាវិញ គេនំាគ្នារំឭកពួកអាមេរិកំាងដែលដកទ័ពយ៉ាងគង្ហុកដូចកាលអាមេរិកំាងដកចេញពីសាធារណរដ្ឋខ្មែរនាខែមេសា ឆ្នំា១៩៧៥យ៉ាងនោះដែរ ដែលនំាឲ្យពួកខ្មែរក្រហមវាយលុកកម្ពុជា ដែលនំាកម្ពុជាចូលដល់ទីលានពិឃាដក្រោមរបបដ៏ឃោរឃៅប្រល័យពូជសាសន៍ខ្មែរក្រហម ពីឆ្នំា១៩៧៥ ដល់ ៧មករា ឆ្នំា១៩៧៩។
លោក រត្ន័ សណ្ដាប់ បន្ដជា បើដូច្នេះដើម្បីស្វែងយល់នូវរឿងរ៉ាវប្រវត្ដិសាស្រ្ដ ជាបឋមគេត្រូវស្វែងយល់ថាហេតុអ្វីបានជាមានសង្រ្គាមនៅអាហ្វហ្កានីស្ថានដែលមានកងទ័ពអាមេរិកំាង និងសម្ព័ន្ធមិត្ដនៅជាប្រចំាអស់រយ:ពេល ២០ឆ្នំា ពីឆ្នំា២០០១ ដល់២០២១?
ចំពោះបញ្ហានេះ យើងគួរជ្រាបថា សភាពការណ៍នៅអាហ្វហ្កានីស្ថាន ដែលក្ដៅគគុកជាថ្មីម្ដងទៀតនេះ គឺបន្ទាប់ពីក្រុមតាលីបង់បានចាប់ផ្ដើមកាន់កាប់ប្រទេសនេះទ្បើងវិញពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ថ្មីៗនេះ ហើយទន្ទឹមនឹងប្រតិកម្មរបស់ពិភពលោក ពិសេសអង្គការសហប្រជាជាតិ លោកខាងលិច និងប្រទេសនៅជុំវិញអាហ្វហ្កានីស្ថាន។
យើងគួររំឭកថា ប្រទេសអាហ្វហ្កានីស្ថាននេះ មិនមែនទើបតែអាមេរិកំាងចូលមកនោះទេ! រុស្ស៊ីបានចូលកាន់កាប់ប្រទេសនេះអស់រយ:ពេល១០ឆ្នំា ពីឆ្នំា១៩៧៩ ដល់ ១៩៨៩ ហើយត្រូវបរាជ័យដោយកងកម្លំាងអាល់កែដា (Al-Qaeda) និងតាលីបង់ ដែលក្រុមទំាងពីរមានជំនឿមុតមំាដែលពួកលោកខាងលិចហៅថា «ពួកជ្រុលនិយមនិងសាសនាឥស្លាម» បើពិនិត្យឲ្យជ្រៅជាងនេះបន្ដិចគឺជាសង្រ្គាមអារ្យធម៌រវាង «សាសនាឥស្ថាមប្រកាន់តឹង និងសហរដ្ឋអាមេរិក»។
ដោយសារជំនឿនេះហើយ បានជាលោកខាងលិចដែលមិននិយមខាងឥស្លាមនេះ មិនមានចេតនាអារម្មណ៍លើពួកក្រុមទំាងពីរនេះទេ! ពួកគេចោទពួកអស់នេះថា អ្នកបង្កភេរវកម្មនៅប្រទេសលោកខាងលិចជាច្រើនទីកន្លែង។
ជាក់ស្ដែងនៅថ្ងៃទី១១ ខែកញ្ញា ឆ្នំា២០០១ ពួកភេរវករមួយក្រុមមានគ្នា១៩នាក់ បានចូលវាយប្រហារចេញមុខនៅសហរដ្ឋអាមរិក ដោយចាប់ជំរិតយកយន្ដហោះដែលរៀបចេញដំណើរ ៤គ្រឿង ក្នុងអំទ្បុងពេលប្រហាក់ប្រហែលគ្នា ក្នុងនោះ ២គ្រឿង បើកទៅកំទេចមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក (Worl Trade Center) នៅបុរីញូយ៉កខ្ទេច ស្លាប់មនុស្សអស់ជិត ៣០០០នាក់។ មួយគ្រឿងទៀត បានបើកទៅកំទេចមន្ទីរប៉ង់តាហ្គោន បណ្ដាលឲ្យស្លាប់បុគ្គលិកយោធា និងស៉ីវិល ១២៥នាក់ ព្រមទំាងអ្នកនៅក្នុងយន្ដហោះទំាងអស់ ៦៤នាក់ និង នៅរដ្ឋ Pennsy Lvania ចុងក្រោយនេះគ្រាន់តែស្លាប់ទំាងអស់ក្នុងយន្ដហោះ ៤៥នាក់ ធ្លាក់នៅវាល។ ពួកភេរវជន ក្រុមអាល់កែដា ១៩នាក់ស្លាប់ទំាងអស់។ ក្រុមនេះត្រូវបានសហរដ្ឋអាមេរិកចោទថា ជាក្រុមភេរវកម្មនៅអាហ្វហ្កានីស្ថាន ដែលមាន អូសាប៊ិនទ្បាដិន ជាមេខ្លោង។
ព័ត៌មាននេះ ត្រូវផ្អើលរង្គើពេញពិភពលោក។ ប្រធានាធិបតីអាមេរិកំាង បានជួបប្រជុំនឹងគណ:រដ្ឋមន្រ្ដី និងមេទ័ពយ៉ាងបន្ទាន់ ហើយបានប្រកាសសង្រ្គាមជាមួយប្រទេសអាហ្វហ្កានីស្ថាន គឺនៅថ្ងៃទី៧ ខែតុលា ឆំា២០០១តែម្ដង ដែលសង្រ្គាមនេះបានអូសបន្លាយរហូតដល់ឆ្នំា២០១៤។ ជាដំបូង អាមេរិកំាងរួមជាមួយចក្រភពអង់គ្លេសប្រើសុទ្ធតែមីស៉ីស បាញ់ចេញពីនាវាចម្បំាងផង បាញ់សន្ធប់តាមយន្ដហោះផង កំទេចខ្ទេចយន្ដហោះចម្បំាង កម្លំាងសញ្វាវុធធុនធ្ងន់របស់បច្ចាមិត្ដ ហើយបានបន្ដកម្លំាងទ័ពជើងគោកជាមួយក្រុមសម្ព័ន្ធមិត្ដរបស់អាមេរិកំាង មានបារំាង និងអាល្លីម៉ង់ និងមួយចំនួនទៀតចូលសន្ធប់យកចុងក្រោយ។
នាចុងឆ្នំា២០០១ រដ្ឋាភិបាលទី១ ត្រូវបង្កើតទ្បើងដែលមានលោក Hamid KarZai ជាប្រធានាធិបតី រហូតដល់ចុងឆ្នំា២០១៤ ទើបបន្ដវេនអាណត្ដិទី២ ដោយលោក Ashraf Ghani រហូតដល់ថ្ងៃដែលពួកតាលីបង់វាយសម្រុកចូលកាន់កាប់ក្រុងកាប៊ុល ចុងក្រោយនៅថ្ងៃទី១៥ សីហា ឆ្នំា២០២១នេះ ដែលពួករដ្ឋាភិបាលចុងក្រោយ រត់ចេញក្រៅប្រទេសភ្លាមៗ មិននៅប្រឈមតទល់ទ្បើយ។
យើងគួររំឭកផងដែរថា លោក ដូណាល់ ត្រំា បានប្រកាសដកទ័ពឲ្យអស់នៅចុងឆ្នំា២០២០ ដែលជានយោបាយរបស់គាត់ពេលយុទ្ធនាការបោះឆ្នោតប្រធានាធិបតី។ ការប្រកាសនេះ បានធ្វើឲ្យ តាលីបង់ក្នុងប្រទេសអាហ្វហ្កានីស្ថានអបអរសាទរខ្លំាង?។ តែបន្ទាប់ពីលោក ត្រំា ធ្លាក់ឆ្នោតការសន្សានេះត្រូវធ្លាក់មកលើលោក ចូ ប៉ៃដិនប្រធានាធិបតីក្រោយជាអ្នកសម្រេច។
មែន! លោក ចូ ប៉ៃដិន បានប្រកាសថាថ្ងៃទី១ ខែឧសភា ឆ្នំា២០២១ សហរដ្ឋអាមេរិកនឹងពួកសម្ព័ន្ធមិត្ដចាប់ផ្ដើមដកទ័ពចេញ។ ក្រុមសម្ព័ន្ធមិត្ដពិសេសប្រទេសអង់គ្លេស បានដកមុនគេ បានឈានដល់ថ្ងៃចុងក្រោយសប្ដាហ៍ទី២ ខែសីហានេះ គឺគេឃើញកងទ័ពអាមេរិកបានដកមែន។
ដូច្នេះការណ៍ដែលពួកតាលីបង់ វាយយកទីប្រជុំជនទីក្រុងនៃខេត្ដនីមួយៗបានលឿនម៉្លេះ រហូតដល់បានចូលកាន់កាប់ទីក្រុងកាប៊ុល ជាស្ថាពរនោះមិនគួរត្រូវភ្ញាក់ផ្អើលទេ! សំណួរ ដែលមតិទូទៅបានចោទសួររាល់ថ្ងៃថា ហេតុអ្វីបានជាពួកតាលីបង់ ធ្វើការវាយសម្រុកចូលបានលឿនម៉្លេះ?
ត្រង់ចំណុចនេះលោក រត្ន័ សណ្ដាប់ បញ្ជាក់ថា គ្មានអ្វីប្លែកនិងគួរឲ្យភ្ញាក់ផ្អើលនោះទេ ពីព្រោះអាមេរិកំាងធ្លាប់ទទួលមេរៀនដូចនៅកម្ពុជាពីឆ្នំា១៩៧៥ អ៉ីចឹងគឺថ្ងៃទី១២មេសា អាមេរិកំាងជម្លៀសមន្រ្ដីស្ថានទូតចេញអស់ គឺបានមិនដល់មួយសប្ដាហ៍ផង ខ្មែរក្រហមចូលដល់ភ្នំពេញភ្លាម។
បរិបទនេះ យើងគ្រាន់តែចង់លើកបង្ហាញថា រឿងរបស់អាមរិកំាងជារបស់មហាអំណាច រីឯរឿងរបស់កម្ពុជាកាលពីឆ្នំា១៩៧៥ ជារឿងរបស់ខ្មែរ។ នៅប្រទេសអាហ្វហ្កានីស្ថាន បច្ចុប្បន្នក៏ជារឿងរបស់តាលីបង់ និងប្រជាជនអាហ្វហ្កានីស្ថានដែរ។ អ្វីដែលសំខាន់ តើប្រជាជាតិនីមួយៗត្រូវមានស្មារតីជាតិនិយម ស្រទ្បាញ់ជាតិ និងប្រជាជាតិខ្លួនយ៉ាងដូចម្ដេច?
នៅកម្ពុជាគឺថាក្រោយ ១៧មេសា ឆ្នំា១៩៧៥ ប្រជាជនកម្ពុជាបានជួបប្រទះនឹងទីលានពិឃាដខ្មែរក្រហម កាប់សម្លាប់ជនជាតិខ្មែរគ្នាឯង ដែលនៅជាប់អន្ទាក់ស្ទើរតែ ១០០% មានតែមួយដំបរស្វាប៉ុណ្ណោះ ដែលរត់គេចរួច គឺគ្មានទេដែលគេដឹកចេញទំាងយន្ដហោះរាប់ម៉ឺននាក់ ដូចអាហ្វហ្កានីស្ថានបច្ចុប្បន្ន ហើយពួកតាលីបង់ទៀត ក៏មិនទៅបាញ់ទម្លាក់យន្ដហោះដែលហោះដឹកជនភៀសខ្លួន ឬជនដែលមាននិន្នាការ ឬក្រុមសម្ព័ន្ធមិត្ដជាមួយអាមេរិកំាងដែរ។
តើលើលោកនេះអ្នកណាជឿបានថា ខ្មែរសម្លាប់ខ្មែរគ្នាឯង ដល់ទៅ២លាននាក់ក្នុងចំណោមប្រជាជន តែមិនដល់៧លាននាក់ផង នាឆ្នំា១៩៧៥នោះ? ចំពោះក្រុមតាលីបង់ បច្ខុប្បន្នយើងក៏ត្រូវរងចំាមើលដែរ ថាតើនឹងមានការកាប់សម្លាប់ ឬជម្លៀសប្រជាជនទូទៅឲ្យធ្វើស្រែនឹងលត់ដំនៅជនបទ ឬទេ? នឹងមានការសម្លាប់រង្គាលរាប់លាននាក់ដែរ ឬទេ?
ផ្ទុយទៅវិញតាមរយ:កញ្ចក់ទូរទស្សន៍ ឬប្រព័ន្ធព័ត៌មានតាមអ៉ិនធើណែត យើងឃើញតែ៖
១៖ ការអនុញ្ញាតឲ្យយន្ដហោះដឹកកងទ័ពបក្សសម្ព័ន្ធ និងក្រុមជំនាញ ឬអ្នកដែលពាក់ព័ន្ធជនជាតិអាហ្វហ្កានីស្ថាន។
២៖ ការត្រៀមរៀបចំរដ្ឋាភិបាលថ្មីមួយ ហើយបានបើកចំហដល់អតីតប្រធានាធិបតី Hamid KarZai ឲ្យចូលរួមទៅទៀត។
រីឯអង្គការសហប្រជាជាតិបានអំពាវនាវឲ្យពួកតាលីបង់ ជៀសវាងការបង្ហូរឈាម និងការគោរពសិទ្ធិមនុស្សផងដែរ! បើដូច្នេះអ្វីៗគួររងចំាមើលព្រឹត្ដិការណ៍បន្ដទៀត៕